13 ព្រះបាទហេសេគាទទួលរាជទូតស្រុកបាប៊ីឡូនឲ្យចូលសវនាការ ហើយនាំពួកគេទៅទស្សនាកន្លែងដែលស្ដេចតម្កល់វត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ព្រះបាទហេសេគាបង្ហាញអ្វីៗទាំងអស់ ដែលមាននៅក្នុងរាជវាំង និងក្នុងនគរ ឲ្យរាជទូតរបស់ស្ដេចបាប៊ីឡូនឃើញ ឥតមានចន្លោះអ្វីសោះឡើយ។
14 បន្ទាប់មក ព្យាការីអេសាយចូលមកគាល់ព្រះបាទហេសេគា ទូលសួរថា៖ «អ្នកទាំងនោះមកពីណា? តើគេទូលព្រះករុណាដូចម្ដេចខ្លះ?»។ ព្រះបាទហេសេគាមានរាជឱង្ការថា៖ «ពួកគេមកពីស្រុកឆ្ងាយ ដើម្បីមកគាល់យើង គឺមកពីស្រុកបាប៊ីឡូន»។
15 លោកអេសាយសួរព្រះបាទហេសេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង?»។ ព្រះបាទហេសេគាតបវិញថា៖ «ពួកគេបានឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបានបង្ហាញភោគទ្រព្យទាំងអស់ ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។
16 ពេលនោះ លោកអេសាយទូលព្រះបាទហេសេគាថា៖ «សូមព្រះករុណាទ្រង់ព្រះសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចតទៅ:
17 ព្រះអម្ចាស់មានព្រះបន្ទូលថា នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ ដែលស្ថិតនៅក្នុងវាំងរបស់ព្រះករុណា និងភោគសម្បត្តិដែលព្រះអយ្យកោរបស់ព្រះករុណាបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។
18 គេក៏នាំរាជវង្សានុវង្សរបស់ព្រះករុណាយកទៅធ្វើជាមហាតលិក នៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ីឡូនដែរ»។
19 ព្រះបាទហេសេគាមានរាជឱង្ការតបទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលលោកថ្លែងនេះ ល្អហើយ»។ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ក្នុងពេលដែលយើងមានជីវិត នោះនៅតែមានសន្តិភាព និងសុខសាន្តត្រាណ មែនទេ?»។