6 យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរី។ យើងក៏នឹងការពារក្រុងនេះដោយយល់ដល់នាមរបស់យើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើយើង”»។
7 ព្យាការីអេសាយបង្គាប់ទៅរាជបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះព្រះបាទហេសេគានឹងបានរស់រានមិនខាន»។
8 ពេលនោះ ព្រះបាទហេសេគាមានរាជឱង្ការទៅកាន់លោកអេសាយថា៖ «តើមានទីសម្គាល់អ្វី ដែលនាំឲ្យយើងដឹងថា យើងនឹងបានជាសះស្បើយ ហើយឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ នៅថ្ងៃទីបី?»។
9 ព្យាការីអេសាយទូលស្ដេចថា៖ «នេះជាទីសម្គាល់ដែលព្រះអម្ចាស់ប្រទានមកព្រះករុណា ដើម្បីឲ្យព្រះករុណាជ្រាបថា ព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ។ តើស្រមោលថ្ងៃដែលជះទៅលើរង្វាស់ម៉ោង នឹងដើរទៅមុខដប់កាំ ឬថយក្រោយដប់កាំ?»។
10 ព្រះបាទហេសេគាមានរាជឱង្ការថា៖ «ស្រមោលដើរទៅមុខដប់កាំ ជាការងាយស្រួលទេ។ ដូច្នេះ សូមឲ្យស្រមោលដើរថយក្រោយដប់កាំវិញ»។
11 ពេលនោះ ព្យាការីអេសាយទូលអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើឲ្យស្រមោលដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ។
12 នៅគ្រាដដែលនោះ ស្ដេចស្រុកបាប៊ីឡូន គឺព្រះចៅម្រដាក់-បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដាន បានផ្ញើរាជសារ និងតង្វាយមកថ្វាយព្រះបាទហេសេគា ដ្បិតស្ដេចជ្រាបដំណឹងថា ព្រះបាទហេសេគាទ្រង់ប្រឈួន។