1 កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុដប់ពីរវស្សា ទ្រង់សោយរាជ្យបានហាសិបឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាព្រះនាងហែបស៊ីបា។
2 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
3 ស្ដេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទហេសេគា ជាបិតា បានលុបបំបាត់។ ស្ដេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ដូចព្រះបាទអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែលបានប្រព្រឹត្តដែរ។ ស្ដេចក្រាបថ្វាយបង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។
4 ស្ដេចបានសង់អាសនៈរបស់ព្រះដទៃក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺនៅកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង”។