4 ស្ដេចបានសង់អាសនៈរបស់ព្រះដទៃក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺនៅកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង”។
5 ព្រះបាទម៉ាណាសេសង់អាសនៈ សម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។
6 ស្ដេចបានយកបុត្រាទៅធ្វើបូជាយញ្ញ ស្ដេចបានរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្ដេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
7 ព្រះបាទម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ថ្វីដ្បិតតែព្រះអម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រថា «យើងជ្រើសរើសព្រះដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។
8 ប្រសិនបើប្រជាជនអ៊ីស្រាអែលកាន់តាមក្រឹត្យវិន័យទាំងប៉ុន្មានដែលយើងបានបង្គាប់មក តាមរយៈម៉ូសេជាអ្នកបម្រើរបស់យើង នោះយើងមិនឲ្យពួកគេខ្ចាត់ព្រាត់ចេញឆ្ងាយពីទឹកដី ដែលយើងប្រគល់ឲ្យដូនតារបស់គេឡើយ»។
9 ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ទេ ព្រះបាទម៉ាណាសេនាំពួកគេឲ្យវង្វេងរហូតដល់ប្រព្រឹត្តអំពើអាក្រក់ ជាងប្រជាជាតិនានា ដែលព្រះអម្ចាស់បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រាអែលទៅទៀត។
10 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គថា៖