២ ពង្សា‌វតារ‌ក្សត្រ 23:1-6 KHSV

1 ព្រះ‌រាជា​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​ព្រឹទ្ធា‌ចារ្យ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​មក​គាល់។

2 បន្ទាប់​មក ស្ដេច​យាង​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​មួយ​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល គឺ​មាន​អស់​លោក​បូជា‌ចារ្យ ព្យាការី និង​ប្រជា‌ជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ព្រះ‌រាជា​អាន​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ឲ្យ​ប្រជា‌ជន​ស្ដាប់។

3 ព្រះ‌រាជា​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ព្រះ‌អម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់ និង​កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​វិន័យ​របស់​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្ដី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ប្រជា‌ជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។

4 ស្ដេច​ចេញ​បញ្ជា​ដល់​លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា និង​ពួក​បូជា‌ចារ្យ​ថ្នាក់​បន្ទាប់ ព្រម​ទាំង​ក្រុម​យាម​ទ្វារ ឲ្យ​យក​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​គេ​ថ្វាយ​ព្រះ​បាល ព្រះ​អាសេ‌រ៉ា និង​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ គេ​យក​វត្ថុ​ទាំង​នោះ​ទៅ​ដុត​ចោល​នៅ​ក្រៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ជ្រោះ​កេដ្រូន រួច​យក​ផេះ​ទៅ​ចោល​នៅ​បេត‌អែល។

5 ស្ដេច​លុប​បំបាត់​ពួក​បូជា‌ចារ្យ​ដែល​ស្ដេច​ស្រុក​យូដា​បាន​លើក​បន្តុប សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៃ​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា និង​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​លុប​បំបាត់​អស់​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​បាល ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ តារា‌និករ និង​ហ្វូង‌តារា​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។

6 ស្ដេច​យក​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ចោល​ក្រៅ​ក្រុង​យេរូ‌សាឡឹម រួច​ដុត​នៅ​ជ្រោះ​កេដ្រូន។ គេ​ដុត​កម្ទេច​បង្គោល​នោះ​ឲ្យ​ទៅ​ជា​ផេះ ហើយ​យក​ផេះ​ទៅ​បាច​លើ​ផ្នូរ​របស់​ប្រជា‌ជន។