13 ស្ដេចបំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងប៉ុន្មាន ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម ប៉ែកខាងត្បូងភ្នំដើមអូលីវ។ ព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានសង់កន្លែងសក្ការៈទាំងនោះថ្វាយព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។
14 ស្ដេចវាយបំបាក់ស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយយកធាតុមនុស្សមករាយពាសពេញទីនោះវិញ។
15 ព្រះបាទយ៉ូសៀសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រាអែល ឲ្យប្រព្រឹត្តអំពើបាប។ ស្ដេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្ដេចដុតឲ្យទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។
16 ព្រះបាទយ៉ូសៀសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាឲ្យគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្ដេចធ្វើឲ្យអាសនៈនោះទៅជាសៅហ្មង ស្របតាមព្រះបន្ទូលដែលអ្នកជំនិតរបស់ព្រះអម្ចាស់ថ្លែងទុក។
17 ស្ដេចមានរាជឱង្ការថា៖ «មើល! ផ្នូរនោះជាអ្វី?»។ ពួកអ្នកក្រុងទូលថា៖ «គឺផ្នូរអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដា ដើម្បីថ្លែងពីការទាំងប៉ុន្មាន ដែលព្រះករុណាទើបនឹងប្រព្រឹត្តចំពោះអាសនៈនៅបេតអែលនេះ»។
18 ស្ដេចមានរាជឱង្ការថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ធាតុរបស់លោកឡើយ»។ ដូច្នេះ គេមិនគាស់យកធាតុរបស់លោក ព្រមទាំងធាតុរបស់ព្យាការីដែលមកពីស្រុកសាម៉ារីទេ។
19 កាលពីដើម ស្ដេចនានានៃស្រុកអ៊ីស្រាអែលបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ក្នុងក្រុងទាំងឡាយនៅស្រុកសាម៉ារី បណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ព្រះបាទយ៉ូសៀសលុបបំបាត់កន្លែងសក្ការៈទាំងនោះដូចទ្រង់បានធ្វើនៅបេតអែលដែរ។