15 ព្រះបាទយ៉ូសៀសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រាអែល ឲ្យប្រព្រឹត្តអំពើបាប។ ស្ដេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្ដេចដុតឲ្យទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។
16 ព្រះបាទយ៉ូសៀសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាឲ្យគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្ដេចធ្វើឲ្យអាសនៈនោះទៅជាសៅហ្មង ស្របតាមព្រះបន្ទូលដែលអ្នកជំនិតរបស់ព្រះអម្ចាស់ថ្លែងទុក។
17 ស្ដេចមានរាជឱង្ការថា៖ «មើល! ផ្នូរនោះជាអ្វី?»។ ពួកអ្នកក្រុងទូលថា៖ «គឺផ្នូរអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដា ដើម្បីថ្លែងពីការទាំងប៉ុន្មាន ដែលព្រះករុណាទើបនឹងប្រព្រឹត្តចំពោះអាសនៈនៅបេតអែលនេះ»។
18 ស្ដេចមានរាជឱង្ការថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ធាតុរបស់លោកឡើយ»។ ដូច្នេះ គេមិនគាស់យកធាតុរបស់លោក ព្រមទាំងធាតុរបស់ព្យាការីដែលមកពីស្រុកសាម៉ារីទេ។
19 កាលពីដើម ស្ដេចនានានៃស្រុកអ៊ីស្រាអែលបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ក្នុងក្រុងទាំងឡាយនៅស្រុកសាម៉ារី បណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ព្រះបាទយ៉ូសៀសលុបបំបាត់កន្លែងសក្ការៈទាំងនោះដូចទ្រង់បានធ្វើនៅបេតអែលដែរ។
20 ស្ដេចបានប្រហារបូជាចារ្យទាំងអស់នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រមទាំងដុតឆ្អឹងខ្មោចនៅលើនោះផងដែរ។ បន្ទាប់មក ទ្រង់យាងត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
21 ព្រះរាជាបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារព្ធបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុក ក្នុងគម្ពីរសម្ពន្ធមេត្រី»។