២ ពង្សា‌វតារ‌ក្សត្រ 23:21-27 KHSV

21 ព្រះ‌រាជា​បង្គាប់​ដល់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ប្រារព្ធ​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី»។

22 តាំង​ពី​ជំនាន់​ពួក​ចៅហ្វាយ និង​ក្នុង​ជំនាន់​ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​ទេ។

23 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស គេ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​បែប​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម។

24 ព្រះ‌បាទ​យ៉ូសៀស​លុប​បំបាត់​គ្រូ​បញ្ជាន់​រូប គ្រូ​ទាយ​ជោគ‌រាសី រូប​តេរ៉ា‌ភីម*​សម្រាប់​បូល រូប​ព្រះ​ក្លែង‌ក្លាយ និង​វត្ថុ​ទាំង​ប៉ុន្មាន​គួរ​ស្អប់​ខ្ពើម​ដែល​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ចែង​ទុក​ក្នុង​គម្ពីរ ដែល​លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា បាន​រក​ឃើញ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

25 កាល​ពី​មុន ពុំ​ដែល​មាន​ស្ដេច​អង្គ​ណា​មួយ​វិល​មក​រក​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ព្រះ‌បាទ​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក ក៏​គ្មាន​ដែរ។

26 ប៉ុន្តែ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ប្រឆាំង​នឹង​អ្នក​ស្រុក​យូដា​យ៉ាង​ខ្លាំង​ដូច​មុន​ដដែល ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

27 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​បណ្ដេញ​ជន‌ជាតិ​យូដា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង ដូច​យើង​បាន​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ យើង​នឹង​បោះ​បង់​ចោល​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស​រើស ព្រម​ទាំង​បោះ​បង់​ចោល​ដំណាក់ ជា​កន្លែង​ដែល​យើង​សម្តែង​នាម​របស់​យើង»។