២ ពង្សា‌វតារ‌ក្សត្រ 23:9-15 KHSV

9 ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ គ្មាន​សិទ្ធិ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ទេ តែ​ពួក​គេ​អាច​បរិភោគ​នំបុ័ង​ឥត​មេ​ជា​មួយ​បូជា‌ចារ្យ​ដទៃ​ទៀត​បាន។

10 ព្រះ‌បាទ​យ៉ូសៀស​បាន​បំផ្លាញ​កន្លែង​ធ្វើ​បូជា​យញ្ញ​នៅ​តូផេត ក្នុង​ជ្រលង​ភ្នំ​ហ៊ិន‌ណម ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​បូជា​យញ្ញ​ថ្វាយ​ព្រះ​ម៉ូឡុក​ទៀត​ឡើយ។

11 ព្រះ‌បាទ​យ៉ូសៀស​យក​រូប​សេះ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ស្រុក​យូដា​ធ្វើ​ថ្វាយ​ព្រះ‌អាទិត្យ ចេញ​ពី​មាត់​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ រូប​ទាំង​នោះ​ស្ថិត​ក្បែរ​បន្ទប់​របស់​លោក​មហា‌តលិក​នេថាន-‌មេឡេក គឺ​នៅ​ក្នុង​បន្ទប់​អម។ ស្ដេច​ក៏​បាន​ដុត​រទេះ​របស់​ព្រះ‌អាទិត្យ​ចោល​ដែរ។

12 ស្ដេច​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អហាស់ និង​ស្ដេច​នានា​នៃ​ស្រុក​យូដា​បាន​សង់ នៅ​តាម​ថែវ​នៃ​បន្ទប់​ខាង​លើ។ ស្ដេច​ក៏​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​សង់ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​ពី​បំផ្លាញ​អាសនៈ​ទាំង​នោះ​ហើយ ស្ដេច​យក​កម្ទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​ភ្នំ​កេដ្រូន។

13 ស្ដេច​បំផ្លាញ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡឹម ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ។ ព្រះ‌បាទ​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល បាន​សង់​កន្លែង​សក្ការៈ​ទាំង​នោះ​ថ្វាយ​ព្រះ‌អាសថា‌រ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ស៊ីដូន ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ម៉ូអាប់ ព្រះ​មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​អាំម៉ូន។

14 ស្ដេច​វាយ​បំបាក់​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​យក​ធាតុ​មនុស្ស​មក​រាយ​ពាស‌ពេញ​ទី​នោះ​វិញ។

15 ព្រះ‌បាទ​យ៉ូសៀស​រំលំ​អាសនៈ​នៅ​បេត‌អែល ជា​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​បាន​សង់ ដើម្បី​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ ស្ដេច​បាន​រំលំ​អាសនៈ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នេះ គឺ​ស្ដេច​ដុត​ឲ្យ​ទៅ​ជា​ផេះ ហើយ​ក៏​ដុត​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ដែរ។