14 ព្រះចៅនេប៊ូក្នេសាកៀរអ្នកក្រុងយេរូសាឡឹម គឺមន្ត្រីទាំងអស់ អ្នកមុខអ្នកការទាំងអស់ ព្រមទាំងពួកសិប្បករ និងជាងដែកទាំងអស់ ដែលមានចំនួនមួយម៉ឺននាក់ យកទៅជាឈ្លើយ គឺទុកឲ្យនៅសល់តែប្រជាជនតូចតាចប៉ុណ្ណោះ។
15 ព្រះចៅនេប៊ូក្នេសាក៏បានកៀរព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា មហេសី ស្រីស្នំ ពួកមេដឹកនាំ និងពួកមេទ័ពពីក្រុងយេរូសាឡឹមទៅស្រុកបាប៊ីឡូន។
16 ស្ដេចបានកៀរពួកអភិជនចំនួនប្រាំពីរពាន់នាក់ ព្រមទាំងពួកសិប្បករ និងជាងដែកចំនួនមួយពាន់នាក់ ជាមនុស្សពេញកម្លាំងដែលអាចច្បាំងបាន នាំទៅជាឈ្លើយ នៅស្រុកបាប៊ីឡូនផងដែរ។
17 ស្ដេចស្រុកបាប៊ីឡូនតែងតាំងសម្ដេចម៉ាថានា ជាព្រះបិតុលារបស់ព្រះបាទយ៉ូយ៉ាគីន ឲ្យឡើងគ្រងរាជ្យជំនួស ហើយដូរនាមថា ព្រះបាទសេដេគា។
18 ពេលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃមួយព្រះវស្សា។ ស្ដេចសោយរាជ្យបានដប់មួយឆ្នាំ នៅក្រុងយេរូសាឡឹម មាតារបស់ស្ដេចមាននាមថាហាមូថាល់ ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលីបណា។
19 ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដូចព្រះបាទយេហូយ៉ាគីមដែរ។
20 ហេតុការណ៍ទាំងនេះកើតមាន មកពីព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា។ ព្រះអង្គបោះបង់ចោលពួកគេ ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។