18 លោករាជប្រតិភូបានចាប់លោកមហាបូជាចារ្យសេរ៉ាយ៉ា និងលោកសេផានាជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីរូប យកទៅជាមួយ។
19 លោកក៏ចាប់មហាតលិកមួយរូប ដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំរូប ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។
20 លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ចាប់អ្នកទាំងនោះនាំទៅថ្វាយស្ដេចស្រុកបាប៊ីឡូន នៅក្រុងរីបឡា។
21 ស្ដេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។
22 ព្រះចៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ទុកឲ្យប្រជាជនមួយចំនួនរស់នៅក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់គ្រងលើពួកគេ។
23 កាលពួកមេទាហាន និងពលទាហានទាំងអស់ ដែលមិនបានចុះចូលកងទ័ពបាប៊ីឡូន ឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនតែងតាំងលោកកេដាលាឲ្យគ្រប់គ្រងលើស្រុក ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលា នៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកថាន់ហ៊ូម៉េក ជាអ្នកស្រុកនេថូផា និងលោកយាសានា ជាកូនរបស់ពួកម៉ាកាធី ព្រមទាំងពលទាហានរបស់ពួកគេ។
24 លោកកេដាលាបានប្រកាសយ៉ាងឱឡារិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចមន្ត្រីខាល់ដេធ្វើអ្វី ចូររស់នៅក្នុងស្រុក ហើយបម្រើព្រះចៅក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន»។