1 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី បានដប់ពីរឆ្នាំ។
2 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ តែមិនស្មើមាតាបិតាទេ។ ស្ដេចបានផ្ដួលរំលំរូបព្រះបាលដែលបិតាបានកសាង។
3 ប៉ុន្តែ ស្ដេចមិនបានលះបង់អំពើបាបចោលទេ គឺទ្រង់ប្រព្រឹត្តអំពើបាបដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
4 ព្រះបាទមេសា ជាស្ដេចរបស់ជនជាតិម៉ូអាប់ មានហ្វូងសត្វជាច្រើន។ រៀងរាល់ឆ្នាំ ស្ដេចតែងតែនាំកូនចៀមមួយសែនក្បាល និងចៀមឈ្មោលមួយសែនក្បាល ព្រមទាំងរោមចៀម មកថ្វាយជាសួយសារអាករដល់ស្ដេចស្រុកអ៊ីស្រាអែល។
5 ក្រោយពេលព្រះបាទអហាប់សោយទិវង្គតផុតទៅ ស្ដេចស្រុកម៉ូអាប់ក៏បះបោរប្រឆាំងនឹងស្ដេចស្រុកអ៊ីស្រាអែល។
6 ព្រះបាទយ៉ូរ៉ាមយាងចេញពីក្រុងសាម៉ារី ទៅត្រួតពលទ័ពអ៊ីស្រាអែលទាំងមូល។
7 បន្ទាប់មក ស្ដេចចេញដំណើរទៅ ទាំងចាត់គេឲ្យទៅទូលព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាថា៖ «ស្ដេចរបស់ជនជាតិម៉ូអាប់បះបោរប្រឆាំងនឹងទូលបង្គំ តើព្រះករុណាសព្វព្រះហឫទ័យយាងចេញទៅច្បាំងនឹងជនជាតិម៉ូអាប់ជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការតបថា៖ «ទូលបង្គំយល់ព្រមទៅជាមួយព្រះករុណាដែរ! ពលទ័ពរបស់ទូលបង្គំក៏ដូចជាពលទ័ពរបស់ព្រះករុណា ហើយសេះរបស់ទូលបង្គំក៏ដូចជាសេះរបស់ព្រះករុណាដែរ»។
8 ស្ដេចមានរាជឱង្ការទៀតថា៖ «តើយើងនឹងចេញទៅច្បាំងតាមផ្លូវណា?»។ ព្រះបាទយ៉ូរ៉ាមតបថា «តាមផ្លូវវាលរហោស្ថានស្រុកអេដុម»។
9 ស្ដេចស្រុកអ៊ីស្រាអែល ស្ដេចស្រុកយូដា និងស្ដេចស្រុកអេដុមនាំគ្នាចាកចេញទៅ។ លុះធ្វើដំណើរតាមផ្លូវវាងបានប្រាំពីរថ្ងៃ ពួកគេខ្វះទឹកសម្រាប់កងទ័ព និងហ្វូងសត្វដែលមកជាមួយ។
10 ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ពិតជាព្រះអម្ចាស់ហើយ ដែលហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។
11 ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានព្យាការីណាម្នាក់ដែលអាចឲ្យយើងទូលសួរព្រះអម្ចាស់ទេឬ?»។ មេទ័ពអ៊ីស្រាអែលម្នាក់ទូលថា៖ «ក្រាបទូលនៅទីនេះ មានលោកអេលីសេ ជាកូនរបស់លោកសាផាត និងជាសិស្សជំនិតរបស់លោកអេលីយ៉ា»។
12 ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «លោកពិតជាអាចនាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់យើងមិនខាន»។ ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត ព្រមទាំងស្ដេចអេដុម ក៏នាំគ្នាយាងទៅជួបលោកអេលីសេ។
13 លោកអេលីសេទូលស្ដេចអ៊ីស្រាអែលថា៖ «តើព្រះករុណាយាងមករកទូលបង្គំធ្វើអ្វី? ម្ដេចក៏មិនយាងទៅរកពួកព្យាការីរបស់មាតាបិតាព្រះករុណាទៅ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់លោកថា៖ «ទេ ដ្បិតព្រះអម្ចាស់ហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ូអាប់»។
14 លោកអេលីសេទូលថា៖ «ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះដែលទូលបង្គំគោរពបម្រើ និងជាព្រះដែលមានព្រះជន្មគង់នៅថា បើទូលបង្គំមិនយល់ដល់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាទេ ទូលបង្គំមិនអើពើ ឬក្រឡេកមើលព្រះករុណាឡើយ។
15 ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យទូលបង្គំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី ឫទ្ធិបារមីរបស់ព្រះអម្ចាស់ក៏មកសណ្ឋិតលើព្យាការីអេលីសេ។
16 លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យច្រើន”។
17 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “ទោះបីអ្នករាល់គ្នាមិនឃើញមានខ្យល់ មានភ្លៀងក្ដី ជ្រលងភ្នំនេះនឹងមានទឹកពោរពេញ ហើយអ្នករាល់គ្នានឹងមានទឹកបរិភោគ ព្រមទាំងទឹកសម្រាប់ហ្វូងសត្វ និងជំនិះរបស់អ្នករាល់គ្នាផង”។
18 ប៉ុន្តែ នេះជាការតូចតាច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ប៉ុណ្ណោះ។ ព្រះអង្គនឹងប្រគល់ជនជាតិម៉ូអាប់មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា។
19 ព្រះករុណាត្រូវបំផ្លាញទីក្រុងដែលមានកំពែងដ៏រឹងមាំ និងទីក្រុងសំខាន់ៗទាំងអស់ចោល។ ព្រះករុណាត្រូវកាប់រំលំដើមឈើល្អៗ បិទប្រភពទឹកទាំងអស់ ហើយបំផ្លាញដីស្រែចម្ការទាំងអស់ចោល ដោយយកថ្មទៅចាក់លើដីទាំងនោះ»។
20 លុះព្រឹកឡើង ពេលថ្វាយយញ្ញបូជា មានទឹកហូរមកពីស្រុកអេដុម ពាសពេញតំបន់នោះ។
21 កាលជនជាតិម៉ូអាប់ដឹងថា ស្ដេចទាំងបីអង្គលើកទ័ពមកច្បាំងនឹងពួកគេ ពួកគេប្រមូលផ្ដុំអស់អ្នកដែលមានវ័យអាចបម្រើទ័ពបាន ទាំងក្មេង ទាំងចាស់ ហើយបញ្ជូនទ័ពនោះទៅដាក់តាមព្រំដែន។
22 ជនជាតិម៉ូអាប់ក្រោកពីព្រលឹម ហើយឃើញព្រះអាទិត្យចាំងនៅលើផ្ទៃទឹក មានពណ៌ក្រហមដូចជាឈាម
23 ពួកគេស្រែកថា៖ «មើល៍ សុទ្ធតែឈាម! ស្ដេចទាំងនោះពិតជាប្រយុទ្ធកាប់សម្លាប់គ្នាទៅវិញទៅមកស្លាប់អស់ហើយ! មក៍! ពួកម៉ូអាប់យើងនាំគ្នាទៅរឹបអូសយកជយភ័ណ្ឌ ឥឡូវនេះ!»។
24 ជនជាតិម៉ូអាប់នាំគ្នាទៅដល់ជំរំរបស់អ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលក៏ចេញមកវាយប្រហារជនជាតិម៉ូអាប់ដែលបាក់ទ័ពរត់នៅចំពោះមុខពួកគេ។ កងទ័ពអ៊ីស្រាអែលដេញតាមប្រហារជនជាតិម៉ូអាប់ ចូលរហូតដល់ក្នុងស្រុក ហើយវាយពួកគេឲ្យបរាជ័យយ៉ាងធ្ងន់។
25 កងទ័ពអ៊ីស្រាអែលបំផ្លាញទីក្រុងទាំងប៉ុន្មានចោល ព្រមទាំងនាំគ្នាយកដុំថ្ម ទៅបោះពេញក្នុងស្រែចម្ការដ៏ល្អៗទាំងអស់។ ពួកគេបិទប្រភពទឹកទាំងអស់ចោល និងកាប់រំលំដើមឈើដ៏ល្អៗទាំងអស់ចោលដែរ។ ទីបំផុត មានតែក្រុងគារ-ហារ៉ាសែត ប៉ុណ្ណោះដែលនៅមានកំពែងព័ទ្ធជុំវិញ។ ពលទាហានកាន់ដង្ហក់នាំគ្នាឡោមព័ទ្ធ និងវាយយកក្រុងនោះ។
26 កាលស្ដេចស្រុកម៉ូអាប់ដឹងច្បាស់ថា ខ្លួនគ្មានកម្លាំងទប់ទល់បាន ទ្រង់ក៏ប្រមូលទ័ពដែលកាន់ដាវបានចំនួនប្រាំពីររយនាក់ វាយបើកផ្លូវសម្រុកទៅលើស្ដេចអេដុម ប៉ុន្តែ មិនបានសម្រេចឡើយ។
27 ដូច្នេះ ស្ដេចស្រុកម៉ូអាប់យករាជបុត្រច្បងដែលត្រូវស្នងរាជ្យ មកធ្វើយញ្ញបូជានៅលើកំពែងក្រុង បណ្ដាលឲ្យកងទ័ពអ៊ីស្រាអែលរន្ធត់ចិត្តជាខ្លាំង ហើយនាំគ្នាដកទ័ពវិលទៅកាន់ស្រុករបស់ខ្លួនវិញ។