២ ពង្សា‌វតារ‌ក្សត្រ 3:7-13 KHSV

7 បន្ទាប់​មក ស្ដេច​ចេញ​ដំណើរ​ទៅ ទាំង​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់​បះ‌បោរ​ប្រឆាំង​នឹង​ទូលបង្គំ តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យាង​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​តប​ថា៖ «ទូលបង្គំ​យល់​ព្រម​ទៅ​ជា​មួយ​ព្រះ‌ករុណា​ដែរ! ពល​ទ័ព​របស់​ទូលបង្គំ​ក៏​ដូច​ជា​ពល​ទ័ព​របស់​ព្រះ‌ករុណា ហើយ​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​សេះ​របស់​ព្រះ‌ករុណា​ដែរ»។

8 ស្ដេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​យើង​នឹង​ចេញ​ទៅ​ច្បាំង​តាម​ផ្លូវ​ណា?»។ ព្រះ‌បាទ​យ៉ូរ៉ាម​តប​ថា «តាម​ផ្លូវ​វាល​រហោ‌ស្ថាន​ស្រុក​អេដុម»។

9 ស្ដេច​ស្រុក​អ៊ីស្រា‌អែល ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អេដុម​នាំ​គ្នា​ចាក​ចេញ​ទៅ។ លុះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន​ប្រាំ‌ពីរ​ថ្ងៃ ពួក​គេ​ខ្វះ​ទឹក​សម្រាប់​កង‌ទ័ព និង​ហ្វូង​សត្វ​ដែល​មក​ជា​មួយ។

10 ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ពិត​ជា​ព្រះ‌អម្ចាស់​ហើយ ដែល​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។

11 ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​ណា​ម្នាក់​ដែល​អាច​ឲ្យ​យើង​ទូល​សួរ​ព្រះ‌អម្ចាស់​ទេ​ឬ?»។ មេ‌ទ័ព​អ៊ីស្រា‌អែល​ម្នាក់​ទូល​ថា៖ «ក្រាប​ទូល​នៅ​ទី​នេះ មាន​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត និង​ជា​សិស្ស​ជំនិត​របស់​លោក​អេលីយ៉ា»។

12 ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «លោក​ពិត​ជា​អាច​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​យើង​មិន​ខាន»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ព្រម​ទាំង​ស្ដេច​អេដុម ក៏​នាំ​គ្នា​យាង​ទៅ​ជួប​លោក​អេលីសេ។

13 លោក​អេលីសេ​ទូល​ស្ដេច​អ៊ីស្រា‌អែល​ថា៖ «តើ​ព្រះ‌ករុណា​យាង​មក​រក​ទូលបង្គំ​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​យាង​ទៅ​រក​ពួក​ព្យាការី​របស់​មាតា‌បិតា​ព្រះ‌ករុណា​ទៅ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «ទេ ដ្បិត​ព្រះ‌អម្ចាស់​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។