២ ពង្សា‌វតារ‌ក្សត្រ 4:12-18 KHSV

12 លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី ជា​ក្មេង​បម្រើ​ថា៖ «ចូរ​ទៅ​ហៅ​ស្ត្រី​ភូមិ​ស៊ូ‌ណែម​មក!»។ កេហា‌ស៊ី​ចេញ​ទៅ​ហៅ​នាង ហើយ​នាង​ក៏​មក​ឈរ​នៅ​មុខ​លោក។

13 លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​ប្រាប់​នាង​ថា នាង​បាន​ទទួល​យើង​យ៉ាង​រាក់‌ទាក់​បំផុត តើ​យើង​អាច​តប​ស្នង​អ្វី​ដល់​នាង​វិញ? តើ​ចង់​ឲ្យ​យើង​ទៅ​ទូល​ព្រះ‌រាជា ឬ​និយាយ​ជា​មួយ​មេ‌ទ័ព​ជំនួស​នាង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ នាង​ខ្ញុំ​រស់​នៅ​ដោយ​សុខ‌សាន្ត ក្នុង​ចំណោម​ញាតិ​មិត្ត​របស់​នាង​ខ្ញុំ​ហើយ»។

14 លោក​មាន​ប្រសាសន៍​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​តប​ស្នង​អ្វី​ដល់​នាង?»។ កេហា‌ស៊ី​ឆ្លើយ​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្ដី​នាង​ក៏​ចាស់​ដែរ»។

15 លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​នាង​មក»។ កេហា‌ស៊ី​ក៏​ហៅ​នាង ហើយ​នាង​មក​ឈរ​នៅ​មាត់​ទ្វារ​បន្ទប់។

16 លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​មាន​កូន​ប្រុស​ព​នៅ​ក្នុង​ដៃ»។ នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។

17 ស្ត្រី​នោះ​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ នៅ​ឆ្នាំ​បន្ទាប់ ក្នុង​ខែ​ដដែល​នោះ ដូច​លោក​អេលីសេ​ប្រាប់​នាង។

18 កូន​ប្រុស​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ ថ្ងៃ​មួយ កូន​នោះ​ទៅ​លេង​ជា​មួយ​ឪពុក ដែល​កំពុង​ត្រួត​ពិនិត្យ​អ្នក​ច្រូត​ស្រូវ។