២ ពង្សា‌វតារ‌ក្សត្រ 4:2-8 KHSV

2 លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «តើ​នាង​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​នាង? ចូរ​ប្រាប់​ខ្ញុំ​មក​មើល នៅ​ក្នុង​ផ្ទះ​នាង​មាន​អ្វី​ខ្លះ?»។ នាង​ឆ្លើយ​តប​ថា៖ «នៅ​ក្នុង​ផ្ទះ​នាង​ខ្ញុំ គ្មាន​អ្វី​ក្រៅ​ពី​ប្រេង​មួយ​កូន​ដប​ប៉ុណ្ណោះ»។

3 លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ខ្ចី​ដប​ទំនេរ ពី​អ្នក​ជិត​ខាង​ឲ្យ​បាន​ច្រើន គឺ​កុំ​ខ្ចី​តិច​ពេក។

4 ពេល​មក​ដល់​វិញ ត្រូវ​នាំ​គ្នា​ទាំង​ម្ដាយ ទាំង​កូន ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​យក​ប្រេង​ចាក់​ក្នុង​ដប​ទាំង​នោះ។ ដប​ណា​ពេញ​ត្រូវ​ទុក​ដោយ​ឡែក»។

5 នាង​ក៏​ចាក​ចេញ​ពី​លោក​ទៅ ហើយ​នាំ​កូន​ចូល​ក្នុង​ផ្ទះ​បិទ​ទ្វារ​ជិត។ កូន​ទាំង​ពីរ​ហុច​ដប​មក​ឲ្យ​ម្ដាយ រួច​ម្ដាយ​យក​ប្រេង​មក​ចាក់​ក្នុង​ដប។

6 លុះ​ដប​ទាំង​អស់​ពេញ​ហើយ នាង​ប្រាប់​កូន​ថា៖ «ហុច​ដប​មួយ​ទៀត​មក!»។ កូន​ឆ្លើយ​ថា៖ «អស់​ដប​ហើយ​ម៉ែ!»។ ពេល​នោះ ប្រេង​ក៏​ឈប់​ហូរ។

7 នាង​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ លោក​មាន​ប្រសាសន៍​មក​កាន់​នាង​ថា៖ «ចូរ​យក​ប្រេង​នេះ​ទៅ​លក់​សង​បំណុល​គេ រីឯ​ប្រាក់​ដែល​នៅ​សល់ ចូរ​ទុក​ចិញ្ចឹម​ជីវិត​ម្ដាយ និង​កូន​ចុះ»។

8 ថ្ងៃ​មួយ លោក​អេលីសេ​ដើរ​កាត់​តាម​ភូមិ​ស៊ូ‌ណែម។ ភូមិ​នោះ មាន​ស្ត្រី​ម្នាក់​ជា​អភិជន បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ​ក្នុង​ផ្ទះ​របស់​នាង។ ចាប់​តាំង​ពី​ពេល​នោះ​មក កាល​លោក​ធ្វើ​ដំណើរ​កាត់​ភូមិ​នេះ លោក​តែងតែ​អញ្ជើញ​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​របស់​នាង។