20 អ្នកបម្រើបីក្មេងនោះយកទៅប្រគល់ឲ្យម្ដាយ។ កូននោះដេកលើភ្លៅម្ដាយរហូតដល់ថ្ងៃត្រង់ រួចក៏ស្លាប់ទៅ។
21 នាងបីកូនឡើងទៅក្នុងបន្ទប់លោកអេលីសេ នាងផ្ដេកកូននៅលើគ្រែរបស់លោក រួចបិទទ្វារបន្ទប់។ នាងរត់ទៅតាមប្ដីនៅឯស្រែ
22 ស្រែកប្រាប់ថា៖ «សូមបងចាត់ក្មេងបម្រើម្នាក់ ព្រមទាំងលាមួយឲ្យមកខ្ញុំ! ខ្ញុំប្រញាប់ទៅផ្ទះអ្នកជំនិតរបស់ព្រះជាម្ចាស់ រួចខ្ញុំវិលមកវិញ»។
23 ប្ដីរបស់នាងសួរថា៖ «ហេតុអ្វីបានជានាងចង់ទៅផ្ទះលោកនៅថ្ងៃនេះ? ព្រោះថ្ងៃនេះមិនមែនជាថ្ងៃបុណ្យដើមខែ ឬថ្ងៃសប្ប័ទ*ទេ»។ នាងឆ្លើយថា៖ «សូមកុំបារម្ភអ្វីឡើយ!»។
24 នាងឲ្យគេចងកែបលា ហើយបញ្ជាទៅក្មេងបម្រើថា៖ «ចូរដឹកលាទៅ បើខ្ញុំមិនប្រាប់ឲ្យឈប់ទេ កុំឈប់តាមផ្លូវឲ្យសោះ!»។
25 នាងក៏ចេញដំណើរទៅ ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់នៅភ្នំកើមែល។ កាលអ្នកជំនិតរបស់ព្រះជាម្ចាស់ឃើញនាងពីចម្ងាយ លោកមានប្រសាសន៍ទៅកាន់កេហាស៊ី ជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ!
26 ចូររត់ទៅទទួលនាង ហើយសួរថា “នាងសុខសប្បាយឬទេ? ប្ដីរបស់នាងសុខសប្បាយឬទេ? កូនរបស់នាងសុខសប្បាយឬទេ?”»។ នាងឆ្លើយថា៖ «សុខសប្បាយជាទេ!»។