២ ពង្សា‌វតារ‌ក្សត្រ 4:3-9 KHSV

3 លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ខ្ចី​ដប​ទំនេរ ពី​អ្នក​ជិត​ខាង​ឲ្យ​បាន​ច្រើន គឺ​កុំ​ខ្ចី​តិច​ពេក។

4 ពេល​មក​ដល់​វិញ ត្រូវ​នាំ​គ្នា​ទាំង​ម្ដាយ ទាំង​កូន ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​យក​ប្រេង​ចាក់​ក្នុង​ដប​ទាំង​នោះ។ ដប​ណា​ពេញ​ត្រូវ​ទុក​ដោយ​ឡែក»។

5 នាង​ក៏​ចាក​ចេញ​ពី​លោក​ទៅ ហើយ​នាំ​កូន​ចូល​ក្នុង​ផ្ទះ​បិទ​ទ្វារ​ជិត។ កូន​ទាំង​ពីរ​ហុច​ដប​មក​ឲ្យ​ម្ដាយ រួច​ម្ដាយ​យក​ប្រេង​មក​ចាក់​ក្នុង​ដប។

6 លុះ​ដប​ទាំង​អស់​ពេញ​ហើយ នាង​ប្រាប់​កូន​ថា៖ «ហុច​ដប​មួយ​ទៀត​មក!»។ កូន​ឆ្លើយ​ថា៖ «អស់​ដប​ហើយ​ម៉ែ!»។ ពេល​នោះ ប្រេង​ក៏​ឈប់​ហូរ។

7 នាង​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ លោក​មាន​ប្រសាសន៍​មក​កាន់​នាង​ថា៖ «ចូរ​យក​ប្រេង​នេះ​ទៅ​លក់​សង​បំណុល​គេ រីឯ​ប្រាក់​ដែល​នៅ​សល់ ចូរ​ទុក​ចិញ្ចឹម​ជីវិត​ម្ដាយ និង​កូន​ចុះ»។

8 ថ្ងៃ​មួយ លោក​អេលីសេ​ដើរ​កាត់​តាម​ភូមិ​ស៊ូ‌ណែម។ ភូមិ​នោះ មាន​ស្ត្រី​ម្នាក់​ជា​អភិជន បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ​ក្នុង​ផ្ទះ​របស់​នាង។ ចាប់​តាំង​ពី​ពេល​នោះ​មក កាល​លោក​ធ្វើ​ដំណើរ​កាត់​ភូមិ​នេះ លោក​តែងតែ​អញ្ជើញ​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​របស់​នាង។

9 នាង​បាន​និយាយ​ទៅ​កាន់​ប្ដី​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា​បុរស​ដែល​តែងតែ​អញ្ជើញ​មក​ផ្ទះ​យើង​ជា​រឿយៗ​នោះ ពិត​ជា​អ្នក​ជំនិត​ដ៏‌វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់។