34 បន្ទាប់មក លោកក៏ទ្រោបលើក្មេងនោះ ដោយយកមាត់ដាក់លើមាត់ ភ្នែកទល់នឹងភ្នែក ហើយដៃដាក់លើដៃដែរ។ លោកទ្រោបលើក្មេងនោះ ធ្វើឲ្យខ្លួនរបស់វាមានកម្ដៅឡើងវិញ។
35 លោកអេលីសេចុះមកវិញ ហើយដើរចុះដើរឡើងនៅក្នុងផ្ទះ រួចក៏ឡើងទ្រោបលើខ្លួនក្មេងនោះសាជាថ្មី។ ស្រាប់តែក្មេងនោះកណ្ដាស់ប្រាំពីរដង រួចបើកភ្នែក។
36 លោកអេលីសេហៅកេហាស៊ីមក ហើយមានប្រសាសន៍ថា៖ «ចូរហៅស្ត្រីអ្នកភូមិស៊ូណែមមក!»។ គាត់ក៏ទៅហៅនាង នាងចូលមកជិតលោកអេលីសេ លោកប្រាប់នាងថា៖ «ចូរយកកូននាងទៅចុះ!»។
37 នាងចូលទៅជិតលោក ហើយក្រាបចុះដល់ដីនៅជើងលោក រួចយកកូនចេញមក។
38 លោកអេលីសេវិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមព្យាការីអង្គុយនៅមុខលោកអេលីសេ លោកមានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមព្យាការី»។
39 មានម្នាក់ក្នុងចំណោមពួកគេ ចេញទៅរកបន្លែនៅឯវាល។ គាត់ប្រទះឃើញវល្លិព្រៃម្យ៉ាង ក៏បេះផ្លែវាបានពេញមួយថ្នក់។ លុះត្រឡប់វិញ គាត់កាត់ផ្លែនោះជាដុំៗ បង់ចូលក្នុងថ្លាងបបរ ប៉ុន្តែ គ្មាននរណាម្នាក់ស្គាល់ផ្លែនោះទេ។
40 បន្ទាប់មក គេដួសបបរជូនក្រុមព្យាការីគ្រប់គ្នាៗ។ ពេលក្រុមព្យាការីភ្លក់បបរនោះ ពួកគេស្រែកឡើងថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! បបរនេះមានជាតិពុលហើយ!»។ ពួកគេពុំអាចបរិភោគទេ។