២ ពង្សា‌វតារ‌ក្សត្រ 4:37-43 KHSV

37 នាង​ចូល​ទៅ​ជិត​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ជើង​លោក រួច​យក​កូន​ចេញ​មក។

38 លោក​អេលីសេ​វិល​ត្រឡប់​ទៅ​គីល‌កាល់​វិញ ហើយ​ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ ក្រុម​ព្យាការី​អង្គុយ​នៅ​មុខ​លោក​អេលីសេ លោក​មាន​ប្រសាសន៍​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​ដាំ​បបរ​មួយ​ថ្លាង​ទទួល​ក្រុម​ព្យាការី»។

39 មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ចេញ​ទៅ​រក​បន្លែ​នៅ​ឯ​វាល។ គាត់​ប្រទះ​ឃើញ​វល្លិ​ព្រៃ​ម្យ៉ាង ក៏​បេះ​ផ្លែ​វា​បាន​ពេញ​មួយ​ថ្នក់។ លុះ​ត្រឡប់​វិញ គាត់​កាត់​ផ្លែ​នោះ​ជា​ដុំៗ បង់​ចូល​ក្នុង​ថ្លាង​បបរ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ស្គាល់​ផ្លែ​នោះ​ទេ។

40 បន្ទាប់​មក គេ​ដួស​បបរ​ជូន​ក្រុម​ព្យាការី​គ្រប់​គ្នាៗ។ ពេល​ក្រុម​ព្យាការី​ភ្លក់​បបរ​នោះ ពួក​គេ​ស្រែក​ឡើង​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ! បបរ​នេះ​មាន​ជាតិ​ពុល​ហើយ!»។ ពួក​គេ​ពុំ​អាច​បរិភោគ​ទេ។

41 លោក​អេលីសេ​ប្រាប់​គេ​ឲ្យ​យក​ម្សៅ​មក​ជូន​លោក លោក​បង់​ម្សៅ​នោះ​ទៅ​ក្នុង​ថ្លាង ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដួស​បបរ​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​ចុះ!»។ ពេល​នោះ គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។

42 មាន​បុរស​ម្នាក់​មក​ពី​ស្រុក​បាល​សាលី‌សា ដោយ​យក​នំបុ័ង​ធ្វើ​ពី​ម្សៅ​ថ្មី​ចំនួន​ម្ភៃ​ដុំ ព្រម​ទាំង​ស្រូវ​ថ្មី​ដាក់​នៅ​ក្នុង​ថង់ មក​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ទៅ​ចែក​ឲ្យ​អ្នក​ទាំង​នោះ​បរិភោគ​ចុះ»។

43 ប៉ុន្តែ អ្នក​បម្រើ​របស់​លោក​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​អាច​យក​អាហារ​តែ​ប៉ុណ្ណេះ​ចែក​ជូន​មនុស្ស​ដល់​ទៅ​មួយ​រយ​នាក់​គ្រាន់​ឬ?»។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ចែក​ឲ្យ​ពួក​គេ​បរិភោគ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ពួក​គេ​នឹង​បរិភោគ​ឆ្អែត ហើយ​នៅ​សេស‌សល់​ទៀត​ផង”»។