២ ពង្សា‌វតារ‌ក្សត្រ 5:1-7 KHSV

1 មាន​បុរស​ម្នាក់​ឈ្មោះ​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី។ ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​លោក​ណាស់ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជំនះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​លោក។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។

2 គ្រា​នោះ កង‌ទ័ព​ស៊ីរី​បាន​ចេញ​មក​ច្បាំង​នឹង​ស្រុក​អ៊ីស្រា‌អែល ហើយ​ចាប់​បាន​ក្មេង​ស្រី​ម្នាក់​នាំ​យក​ទៅ​ជា​ឈ្លើយ។ ក្មេង​ស្រី​នេះ​នៅ​បម្រើ​ភរិយា​របស់​លោក​ណាម៉ាន់។

3 នាង​ជម្រាប​ម្ចាស់​ស្រី​ថា៖ «ប្រសិន​បើ​លោក​ម្ចាស់​អាច​ទៅ​ជួប​ព្យាការី​នៅ​ក្រុង​សាម៉ារី លោក​មុខ​ជា​ជួយ​លោក​ម្ចាស់​ឲ្យ​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ពុំ‌ខាន!»។

4 លោក​ណាម៉ាន់​នាំ​យក​ពាក្យ​ក្មេង​ស្រី​ពី​ស្រុក​អ៊ីស្រា‌អែល​នោះ​ទៅ​ទូល​ស្ដេច​ស្រុក​ស៊ីរី។

5 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​សាម៉ារី​ចុះ! យើង​នឹង​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល»។ លោក​ណាម៉ាន់​ចេញ​ដំណើរ​ទៅ ដោយ​នាំ​យក​ប្រាក់​ដប់​ហាប មាស​ប្រាំ​មួយ​ពាន់​ស្លឹង និង​សម្លៀក‌បំពាក់​ដប់​បន្លាស់​ទៅ​ជា​មួយ​ផង។

6 លោក​យក​សំបុត្រ​របស់​ស្ដេច​ស្រុក​ស៊ីរី​ថ្វាយ​ស្ដេច​អ៊ីស្រា‌អែល សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សូម​ព្រះ‌ករុណា​ជ្រាប​ថា អ្នក​ដែល​នាំ​សំបុត្រ​នេះ​មក​ថ្វាយ គឺ​លោក​ណាម៉ាន់ ជា​មន្ត្រី​របស់​ទូលបង្គំ សូម​ព្រះ‌ករុណា​មេត្តា​ជួយ​ព្យាបាល​លោក ឲ្យ​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ផង»។

7 កាល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​អាន​សំបុត្រ​នេះ​ចប់ ទ្រង់​ហែក​ព្រះ‌ភូសា​ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «តើ​យើង​នេះ​ជា​ព្រះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្ដេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​ឲ្យ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្ដេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។