២ ពង្សា‌វតារ‌ក្សត្រ 5:19-25 KHSV

19 ព្យាការី​អេលីសេ​មាន​ប្រសាសន៍​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។កាល​លោក​ណាម៉ាន់​ចាក​ចេញ​ពី​ព្យាការី​អេលីសេ​បាន​ឆ្ងាយ​បន្តិច

20 កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​លោក​អេលីសេ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នឹក​គិត​ថា៖ «ម្ចាស់​របស់​ខ្ញុំ​ប្រកែក​មិន​ព្រម​ទទួល​ជំនូន​ពី​លោក​ណាម៉ាន់ ជា​ជន‌ជាតិ​ស៊ីរី​សោះ។ ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ខ្ញុំ​នឹង​រត់​ដេញ​តាម​លោក​ណាម៉ាន់ ដើម្បី​សុំ​របស់​ខ្លះ​ពី​គាត់!»។

21 កេហា‌ស៊ី​ក៏​រត់​តាម​លោក​ណាម៉ាន់។ កាល​លោក​ណាម៉ាន់​ឃើញ​កេហា‌ស៊ី​រត់​មក​តាម​លោក លោក​ក៏​ប្រញាប់​ចុះ​ពី​លើ​រទេះ​មក​ទទួល ហើយ​សួរ​ថា៖ «តើ​មាន​ហេតុ‌ការណ៍​អ្វី?»។

22 កេហា‌ស៊ី​ឆ្លើយ​ថា៖ «គ្មាន​ហេតុ‌ការណ៍​អ្វី​ទេ! ប៉ុន្តែ ម្ចាស់​របស់​ខ្ញុំ​ប្របាទ​ចាត់​ខ្ញុំ​ប្របាទ​ឲ្យ​មក​ជម្រាប​លោក​ថា “មាន​សមាជិក​នៃ​ក្រុម​ព្យាការី​ពីរ​រូប​មក​ពី​តំបន់​ភ្នំ​អេប្រាអ៊ីម ទើប​នឹង​មក​ដល់​ផ្ទះ​ខ្ញុំ សូម​លោក​មេត្តា​ជួយ​ផ្ដល់​ប្រាក់​មួយ​ហាប និង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​សម្រាប់​គេ​ទាំង​ពីរ​ផង”»។

23 លោក​ណាម៉ាន់​មាន​ប្រសាសន៍​ថា៖ «សូម​ទទួល​យក​ប្រាក់​ពីរ​ហាប​ចុះ»។ លោក​បង្ខំ​កេហា‌ស៊ី​ឲ្យ​ទទួល​ប្រាក់​ពីរ​ហាប ព្រម​ទាំង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​ដាក់​ក្នុង​ថង់​ពីរ រួច​ចាត់​អ្នក​បម្រើ​ពីរ​នាក់​ឲ្យ​លី​ទៅ​ជា​មួយ​កេហា‌ស៊ី។

24 លុះ​មក​ដល់​កន្លែង​ដែល​មាន​ទួល កេហា‌ស៊ី​ទទួល​ថង់​ទាំង​ពីរ​ពី​ដៃ​អ្នក​បម្រើ យក​ទៅ​ទុក​ក្នុង​ផ្ទះ​របស់​គាត់ ហើយ​ប្រាប់​អ្នក​ទាំង​ពីរ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ។

25 បន្ទាប់​មក គាត់​ចូល​ទៅ​ជួប​លោក​អេលីសេ ជា​ម្ចាស់​របស់​គាត់ លោក​សួរ​គាត់​ថា៖ «កេហា‌ស៊ី តើ​ឯង​ទើប​នឹង​មក​ពី​ណា?»។