២ ពង្សា‌វតារ‌ក្សត្រ 5:22-27 KHSV

22 កេហា‌ស៊ី​ឆ្លើយ​ថា៖ «គ្មាន​ហេតុ‌ការណ៍​អ្វី​ទេ! ប៉ុន្តែ ម្ចាស់​របស់​ខ្ញុំ​ប្របាទ​ចាត់​ខ្ញុំ​ប្របាទ​ឲ្យ​មក​ជម្រាប​លោក​ថា “មាន​សមាជិក​នៃ​ក្រុម​ព្យាការី​ពីរ​រូប​មក​ពី​តំបន់​ភ្នំ​អេប្រាអ៊ីម ទើប​នឹង​មក​ដល់​ផ្ទះ​ខ្ញុំ សូម​លោក​មេត្តា​ជួយ​ផ្ដល់​ប្រាក់​មួយ​ហាប និង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​សម្រាប់​គេ​ទាំង​ពីរ​ផង”»។

23 លោក​ណាម៉ាន់​មាន​ប្រសាសន៍​ថា៖ «សូម​ទទួល​យក​ប្រាក់​ពីរ​ហាប​ចុះ»។ លោក​បង្ខំ​កេហា‌ស៊ី​ឲ្យ​ទទួល​ប្រាក់​ពីរ​ហាប ព្រម​ទាំង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​ដាក់​ក្នុង​ថង់​ពីរ រួច​ចាត់​អ្នក​បម្រើ​ពីរ​នាក់​ឲ្យ​លី​ទៅ​ជា​មួយ​កេហា‌ស៊ី។

24 លុះ​មក​ដល់​កន្លែង​ដែល​មាន​ទួល កេហា‌ស៊ី​ទទួល​ថង់​ទាំង​ពីរ​ពី​ដៃ​អ្នក​បម្រើ យក​ទៅ​ទុក​ក្នុង​ផ្ទះ​របស់​គាត់ ហើយ​ប្រាប់​អ្នក​ទាំង​ពីរ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ។

25 បន្ទាប់​មក គាត់​ចូល​ទៅ​ជួប​លោក​អេលីសេ ជា​ម្ចាស់​របស់​គាត់ លោក​សួរ​គាត់​ថា៖ «កេហា‌ស៊ី តើ​ឯង​ទើប​នឹង​មក​ពី​ណា?»។

26 គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​ពុំ​បាន​ទៅ​ណា​ទេ លោក​ម្ចាស់»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចិត្ត​គំនិត​របស់​ខ្ញុំ​ទៅ​តាម​ឯង​ជាប់ នៅ​ពេល​លោក​មេ‌ទ័ព​ចុះ​ពី​រទេះ​មក​ទទួល​ឯង។ ពេល​នេះ មិន​មែន​ជា​ពេល​ដែល​ត្រូវ​ទទួល​យក​ប្រាក់ សម្លៀក‌បំពាក់ ឬ​ផ្លែ​អូលីវ ផ្លែ​ទំពាំង‌បាយជូរ ចៀម គោ ឬ​អ្នក​បម្រើ​ប្រុស​ស្រី​ឡើយ។

27 ដូច្នេះ រោគ​ឃ្លង់​របស់​លោក​ណាម៉ាន់​នឹង​កើត​ដល់​ឯង ព្រម​ទាំង​កូន​ចៅ​ឯង​រហូត​ត​ទៅ!»។កាល​កេហា‌ស៊ី​ចាក​ចេញ​ពី​ព្យាការី​អេលីសេ​ទៅ គាត់​ក៏​កើត​រោគ​ឃ្លង់ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ឡើង​ស​ដូច​សំឡី។