9 លោកណាម៉ាន់ជិះរទេះសេះមកឈប់នៅមុខផ្ទះលោកអេលីសេ។
10 ព្យាការីអេលីសេចាត់គេឲ្យទៅជម្រាបលោកថា៖ «សូមអញ្ជើញទៅមុជទឹកទន្លេយ័រដាន់ឲ្យបានចំនួនប្រាំពីរដងចុះ នោះស្បែករបស់លោកនឹងជាសះស្បើយ ហើយលោកនឹងបានបរិសុទ្ធមិនខាន»។
11 លោកណាម៉ាន់ក៏ខឹង ហើយដើរចេញទៅ ទាំងរអ៊ូថា៖ «ខ្ញុំនឹកស្មានថាព្យាការីមុខជាចេញមកទទួលខ្ញុំ ហើយឈរទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក រួចដាក់ដៃលើដំបៅរបស់ខ្ញុំឲ្យជាសះស្បើយ។
12 នៅក្រុងដាម៉ាសក៏មានទន្លេដែរ គឺទន្លេអាបាណា និងទន្លេផើផើរ បើគ្រាន់តែមុជទឹក ហើយខ្ញុំបានជាសះស្បើយនោះ ខ្ញុំទៅមុជទឹកទន្លេនៅស្រុកខ្ញុំ ប្រសើរជាងមុជទឹកក្នុងទន្លេទាំងប៉ុន្មាន នៅស្រុកអ៊ីស្រាអែលនេះ!»។ លោកណាម៉ាន់ចាកចេញទៅ ទាំងក្រេវក្រោធ។
13 ប៉ុន្តែ អ្នកបម្រើរបស់លោកចូលទៅជិតលោក ជម្រាបថា៖ «លោកឪពុក! ប្រសិនបើព្យាការីបង្គាប់ឲ្យធ្វើកិច្ចការអ្វីពិបាក នោះលោកប្រាកដជាធ្វើតាមមិនខាន ពេលនេះ ព្យាការីគ្រាន់តែសុំឲ្យលោកមុជទឹក ដើម្បីជាស្អាតបរិសុទ្ធ ម្ដេចក៏លោកមិនធ្វើតាម?»។
14 លោកណាម៉ាន់ក៏ចុះទៅក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដង តាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានប្រាប់ ស្រាប់តែសាច់របស់លោកឡើងស្អាត ដូចសាច់កូនក្មេង លោកក៏ជាស្អាតបរិសុទ្ធ។
15 លោកត្រឡប់មកជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ ជាមួយពួកបម្រើរបស់លោក។ ពេលទៅដល់ លោកឈរនៅមុខព្យាការី ជម្រាបថា៖ «ខ្ញុំប្របាទដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីព្រះរបស់ជនជាតិអ៊ីស្រាអែល គ្មានព្រះណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្តាទទួលជំនូនពីខ្ញុំប្របាទផងចុះ»។