២ ពង្សា‌វតារ‌ក្សត្រ 6:1-6 KHSV

1 ថ្ងៃ​មួយ ក្រុម​ព្យាការី​ជម្រាប​លោក​អេលីសេ​ថា៖ «កន្លែង​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​លោក​នេះ​ចង្អៀត​ណាស់ សម្រាប់​យើង​ទាំង​អស់​គ្នា។

2 សូម​អនុញ្ញាត​ឲ្យ​យើង​នាំ​គ្នា​ទៅ​ទន្លេ​យ័រដាន់ កាប់​កូន​ឈើ​ម្នាក់​មួយ​ដើមៗ យក​មក​ធ្វើ​កន្លែង​ស្នាក់​នៅ»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ទៅ​ចុះ!»។

3 មាន​ម្នាក់​ក្នុង​ចំណោម​ព្យាការី​ពោល​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង!»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​យល់​ព្រម​ទៅ​ជា​មួយ»។

4 លោក​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ ពួក​គេ​នាំ​គ្នា​កាប់​ដើម​ឈើ។

5 ពេល​នោះ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​កាប់​ដើម​ឈើ ហើយ​ផ្លែ​ពូថៅ​របស់​គាត់​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក។ គាត់​ស្រែក​ឡើង​ថា៖ «វីវរ​ហើយ​លោក​ម្ចាស់! ពូថៅ​នេះ​ខ្ញុំ​ខ្ចី​គេ​ផង!»។

6 អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​សួរ​ថា៖ «តើ​ផ្លែ​ពូថៅ​នោះ​ធ្លាក់​នៅ​កន្លែង​ណា?»។ គាត់​ចង្អុល​បង្ហាញ​កន្លែង​ដែល​ផ្លែ​ពូថៅ​ធ្លាក់។ លោក​អេលីសេ​កាត់​ឈើ​មួយ​កង់​បោះ​ទៅ​ក្នុង​ទឹក ផ្លែ​ពូថៅ​ក៏​ផុស​ពី​ទឹក​អណ្ដែត​ឡើង។