២ ពង្សា‌វតារ‌ក្សត្រ 6:23-29 KHSV

23 ស្ដេច​ស្រុក​អ៊ីស្រា‌អែល​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ទទួល​ទាហាន​ស៊ីរី​ទាំង​នោះ។ កាល​ពួក​គេ​បរិភោគ​រួច​ហើយ ស្ដេច​ឲ្យ​ពួក​គេ​វិល​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទាហាន​ស៊ីរី​លែង​ឈ្លាន‌ពាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។

24 លុះ​ក្រោយ​មក ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​ស៊ីរី ប្រមូល​កង‌ទ័ព​ទាំង​អស់ ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។

25 ដូច្នេះ នៅ​ក្រុង​សាម៉ារី មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង។ កង‌ទ័ព​ស៊ីរី​ឡោម‌ព័ទ្ធ​ទីក្រុង​យ៉ាង​យូរ រហូត​ដល់​ក្បាល​សត្វ​លា​មួយ​ឡើង​ថ្លៃ​ជា​ប្រាក់​សុទ្ធ​ប៉ែត‌សិប​តម្លឹង ហើយ​សណ្ដែក​មួយ​រង្វាល់​ថ្លៃ​ប្រាំ​តម្លឹង។

26 ថ្ងៃ​មួយ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​កំពុង​យាង​នៅ​លើ​កំពែង ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។

27 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ជួយ​នាង​ទេ​នោះ ធ្វើ​ម្ដេច​ឲ្យ​យើង​ជួយ​នាង​បាន? ស្រូវ យើង​ក៏​គ្មាន ស្រា​ទំពាំង‌បាយជូរ ក៏​គ្មាន​ដែរ»។

28 ស្ដេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​នាង​មាន​រឿង​អ្វី?»។ នាង​ទូល​ថា៖ «កាល​ពី​ថ្ងៃ​មុន ស្ត្រី​ម្នាក់​នោះ​បបួល​ខ្ញុំ​ម្ចាស់​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ​នៅ​ថ្ងៃ​នេះ ហើយ​ស្អែក​យើង​នឹង​បរិភោគ​កូន​របស់​ខ្ញុំ​វិញ”។

29 យើង​ទាំង​ពីរ​ក៏​យក​កូន​របស់​ខ្ញុំ​ម្ចាស់​ទៅ​ស្ងោរ​បរិភោគ។ លុះ​ស្អែក​ឡើង ខ្ញុំ​ម្ចាស់​ប្រាប់​នាង​នោះ​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ” ប៉ុន្តែ នាង​នោះ​បាន​យក​កូន​របស់​ខ្លួន​ទៅ​លាក់»។