27 ស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើព្រះអម្ចាស់មិនជួយនាងទេនោះ ធ្វើម្ដេចឲ្យយើងជួយនាងបាន? ស្រូវ យើងក៏គ្មាន ស្រាទំពាំងបាយជូរ ក៏គ្មានដែរ»។
28 ស្ដេចមានរាជឱង្ការទៀតថា៖ «តើនាងមានរឿងអ្វី?»។ នាងទូលថា៖ «កាលពីថ្ងៃមុន ស្ត្រីម្នាក់នោះបបួលខ្ញុំម្ចាស់ថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគនៅថ្ងៃនេះ ហើយស្អែកយើងនឹងបរិភោគកូនរបស់ខ្ញុំវិញ”។
29 យើងទាំងពីរក៏យកកូនរបស់ខ្ញុំម្ចាស់ទៅស្ងោរបរិភោគ។ លុះស្អែកឡើង ខ្ញុំម្ចាស់ប្រាប់នាងនោះថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគ” ប៉ុន្តែ នាងនោះបានយកកូនរបស់ខ្លួនទៅលាក់»។
30 កាលស្ដេចឮពាក្យរបស់ស្ត្រីនោះ ទ្រង់ក៏ហែកព្រះភូសា។ ពេលនោះ ស្ដេចកំពុងតែយាងនៅលើកំពែងក្រុង ដូច្នេះ ប្រជាជនឃើញព្រះរាជាស្លៀកបាវ។
31 ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថថា ថ្ងៃនេះ ប្រសិនបើយើងមិនកាត់កអេលីសេ ជាកូនរបស់លោកសាផាតទេនោះសូមព្រះជាម្ចាស់ដាក់ទោសយើងយ៉ាងធ្ងន់ចុះ!»។
32 ពេលនោះ លោកអេលីសេកំពុងអង្គុយជុំគ្នាជាមួយអស់លោកព្រឹទ្ធាចារ្យ នៅក្នុងផ្ទះរបស់លោក។ ស្ដេចចាត់មនុស្សម្នាក់ឲ្យទៅសម្លាប់លោកអេលីសេ ប៉ុន្តែ មុនពេលអ្នកនោះទៅដល់ លោកអេលីសេមានប្រសាសន៍ទៅកាន់អស់លោកព្រឹទ្ធាចារ្យថា៖ «សូមអស់លោកមើលចុះ ឃាតកនោះចាត់មនុស្សឲ្យមកកាត់កខ្ញុំហើយ។ សូមប្រយ័ត្ន! កាលណារាជបម្រើមកដល់ ត្រូវបិទទ្វារឲ្យជិត កុំឲ្យគេចូល។ ប៉ុន្តែ សូរសំរិបជើងរបស់ម្ចាស់គេ ក៏មកដល់តាមក្រោយហើយដែរ»។
33 លោកអេលីសេកំពុងមានប្រសាសន៍នៅឡើយ រាជបម្រើចូលមកដល់ពោលថា៖ «ព្រះអម្ចាស់បានធ្វើឲ្យយើងរងទុក្ខវេទនាដូច្នេះ តើឲ្យយើងសង្ឃឹមអ្វីលើព្រះអង្គទៀត?»។