11 អ្នកយាមទ្វារស្រែកប្រាប់អ្នកនៅខាងក្នុង ឲ្យនាំដំណឹងនេះទៅប្រាប់អ្នកនៅក្នុងវាំង។
12 ស្ដេចតើនឡើងទាំងយប់ រួចមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «សូមអស់លោកជ្រាបថា នេះជាឧបាយកលរបស់ពួកស៊ីរីប្រឆាំងនឹងយើង។ ពួកគេដឹងថា យើងទាំងអស់គ្នាកំពុងតែអត់ឃ្លាន ដូច្នេះ ពួកគេចេញពីទីតាំងទ័ពទៅលាក់ខ្លួននៅឯវាល ដោយនឹកគិតថា កាលណាពួកយើងចេញពីទីក្រុង នោះពួកគេនឹងចាប់ពួកយើងទាំងរស់ រួចចូលមកក្នុងក្រុង»។
13 មានមន្ត្រីម្នាក់ទូលស្ដេចថា៖ «សូមឲ្យគេយកសេះប្រាំក្បាល ដែលនៅសល់ក្នុងទីក្រុងមក ហើយចាត់អ្នកខ្លះឲ្យទៅជាមួយសេះទាំងនោះ ដើម្បីពិនិត្យមើលហេតុការណ៍។ ទោះបីយ៉ាងណាក្ដី ក៏សេះទាំងនេះមុខជាងាប់ ដូចប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅក្នុងក្រុងដែរ»។
14 គេយករទេះចំបាំងពីរគ្រឿងទឹមដោយសេះ មកថ្វាយស្ដេច ហើយស្ដេចក៏ចាត់មនុស្សចេញទៅតាមកងទ័ពស៊ីរី ដោយមានរាជឱង្ការថា៖ «ចូរចេញទៅពិនិត្យមើលហេតុការណ៍នោះចុះ!»។
15 ពួកគេចេញទៅតាមកងទ័ពស៊ីរីរហូតដល់ទន្លេយ័រដាន់ ហើយនៅតាមផ្លូវឃើញមានសុទ្ធតែខោអាវ និងរបស់របរដែលកងទ័ពស៊ីរីដោះបោះចោលរប៉ាត់រប៉ាយ ព្រោះប្រញាប់រត់យករួចជីវិត។ អ្នកដែលស្ដេចចាត់ឲ្យទៅ ក៏វិលមកវិញរាយការណ៍ថ្វាយស្ដេច។
16 ពេលនោះ ប្រជាជននាំគ្នាចេញពីទីក្រុង ទៅដណ្ដើមយករបស់របរនៅក្នុងទីតាំងទ័ពស៊ីរី។ ដូច្នេះ អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
17 ស្ដេចបញ្ជាអង្គរក្សឲ្យចេញទៅត្រួតពិនិត្យមើលខុសត្រូវ នៅមាត់ទ្វារក្រុង ប៉ុន្តែ មហាជនបានជាន់គាត់ស្លាប់នៅទីនោះ ស្របតាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ថ្លែង នៅពេលស្ដេចទៅជួបលោក។