3 នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្ដេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្ដីស្លាប់នៅទីនេះ?
4 ប្រសិនបើយើងសម្រេចគ្នាថាចូលទៅក្នុងក្រុង យើងមុខជាអត់បាយស្លាប់ ព្រោះនៅក្នុងក្រុង គ្មានអ្វីបរិភោគឡើយ។ ប្រសិនបើយើងនៅទីនេះ យើងក៏ស្លាប់ដែរ។ ដូច្នេះ យើងគួរនាំគ្នារត់ទៅចុះចូលនឹងកងទ័ពស៊ីរីទៅ ក្រែងលោគេទុកជីវិតឲ្យយើង ហើយយើងនឹងបានរស់រានមានជីវិត! ប្រសិនបើពួកគេសម្លាប់ យើងក៏ស្លាប់ដូចតែគ្នា!»។
5 នៅពេលថ្ងៃលិច ពួកគេក្រោកឡើង នាំគ្នាដើរឆ្ពោះទៅទីតាំងទ័ពស៊ីរី។ កាលមនុស្សឃ្លង់ទាំងបួននាក់ទៅជិតដល់ទីតាំងទ័ព ពួកគេពុំប្រទះឃើញមាននរណាម្នាក់សោះ។
6 ពីមុននោះ ព្រះអម្ចាស់បានធ្វើឲ្យកងពលស៊ីរីនៅក្នុងទីតាំងទ័ព ឮស្នូរសន្ធឹករទេះចំបាំង និងទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្ដេចស្រុកអ៊ីស្រាអែលទៅពឹងទ័ពរបស់ស្ដេចជនជាតិហេត និងទ័ពរបស់ស្ដេចស្រុកអេស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។
7 នៅពេលថ្ងៃលិច កងទ័ពស៊ីរីនាំគ្នាក្រោកឡើង រត់ប្រាសអាយុ ដោយបោះបង់ចោលតង់ត៍ ព្រមទាំងសេះ និងលាផង។ ពួកគេទុកអ្វីៗទាំងអស់ចោលនៅក្នុងជំរំ ហើយរត់យកតែរួចខ្លួនប៉ុណ្ណោះ។
8 ក្រោយពីដើរមើលជុំវិញកន្លែងបោះទ័ពរួចហើយ មនុស្សឃ្លង់ទាំងនោះក៏ចូលទៅក្នុងតង់ត៍មួយ នាំគ្នាស៊ីផឹក រួចជញ្ជូនយកមាសប្រាក់ និងសម្លៀកបំពាក់ទៅលាក់ទុក។ លុះត្រឡប់មកវិញ ពួកគេចូលទៅក្នុងតង់ត៍មួយទៀត ប្រមូលរបស់របរ ដែលមាននៅទីនោះយកទៅលាក់ទៀត។
9 មនុស្សឃ្លង់ទាំងបួននាក់និយាយគ្នាថា៖ «ពួកយើងធ្វើដូច្នេះមិនសមទេ ដ្បិតថ្ងៃនេះ ពួកយើងដឹងដំណឹងល្អ ប្រសិនបើយើងនៅស្ងៀមរង់ចាំរហូតដល់ភ្លឺ ព្រះជាម្ចាស់ពិតជាដាក់ទោសយើងមិនខាន។ ដូច្នេះ ចូរយើងនាំដំណឹងល្អនេះទៅប្រាប់អ្នកនៅក្នុងវាំង»។