1 ថ្ងៃមួយ លោកអេលីសេមានប្រសាសន៍ប្រាប់ស្ត្រី ដែលលោកបានធ្វើឲ្យកូនប្រុសរស់ឡើងវិញនោះថា៖ «ចូរក្រោកឡើង ចាកចេញពីទីនេះជាមួយគ្រួសាររបស់នាង ហើយទៅស្នាក់នៅស្រុកណាដែលនាងអាចនៅបាន ដ្បិតព្រះអម្ចាស់ធ្វើឲ្យស្រុកនេះកើតទុរ្ភិក្ស ក្នុងរយៈពេលប្រាំពីរឆ្នាំ»។
2 ស្ត្រីនោះក្រោកឡើង ធ្វើតាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានប្រាប់។ នាងនាំគ្រួសារទៅរស់នៅស្រុកភីលីស្ទីនអស់រយៈពេលប្រាំពីរឆ្នាំ។
3 លុះគ្រប់ប្រាំពីរឆ្នាំ នាងក៏ត្រឡប់មកពីស្រុកភីលីស្ទីន ហើយចូលទៅគាល់ស្ដេច ដើម្បីទាមទារផ្ទះសម្បែង និងដីធ្លីរបស់នាងវិញ។
4 ពេលនោះ ស្ដេចកំពុងសំណេះសំណាលជាមួយកេហាស៊ី ជាអ្នកបម្រើរបស់អ្នកជំនិតព្រះជាម្ចាស់ ទ្រង់មានរាជឱង្ការថា៖ «ចូររៀបរាប់ប្រាប់យើងពីការអស្ចារ្យផ្សេងៗដែលលោកអេលីសេបានធ្វើ!»។