២ ពង្សា‌វតារ‌ក្សត្រ 8:11-17 KHSV

11 អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សម្លឹង​មុខ​លោក​ហាសែល​មិន​ដាក់​ភ្នែក រួច​លោក​យំ។

12 លោក​ហាសែល​សួរ​ព្យាការី​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ខ្ញុំ​យំ ព្រោះ​ខ្ញុំ​ដឹង​ពី​អំពើ​អាក្រក់ ដែល​លោក​នឹង​ប្រព្រឹត្ត​ទៅ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​លោក​នឹង​ដុត​បំផ្លាញ​ទីក្រុង​របស់​គេ លោក​នឹង​សម្លាប់​ពួក​យុវជន​ដោយ​មុខ​ដាវ លោក​នឹង​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​គភ៌​ផង»។

13 លោក​ហាសែល​តប​ថា៖ «ខ្ញុំ​ប្របាទ​នេះ​ប្រៀប​ដូច​ជា​ឆ្កែ តើ​ខ្ញុំ​ប្របាទ​អាច​ធ្វើ​កិច្ចការ​ដ៏​សម្បើម​បែប​នេះ​កើត​ឬ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ថា លោក​នឹង​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី»។

14 លោក​ហាសែល​ចាក​ចេញ​ពី​លោក​អេលីសេ វិល​ត្រឡប់​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​លោក​អេលីសេ​មាន​ប្រសាសន៍​ដូច​ម្ដេច»។ លោក​ហាសែល​ឆ្លើយ​ថា៖ «លោក​ប្រាប់​ទូលបង្គំ​ថា ព្រះ‌ករុណា​នឹង​ជា​សះ‌ស្បើយ​ពិត​មែន»។

15 ស្អែក​ឡើង លោក​ហាសែល​យក​ភួយ​ជ្រលក់​ទឹក រួច​យក​ទៅ​ខ្ទប់​ព្រះ‌ភ័ក្ត្រ​ស្ដេច។ ស្ដេច​សោយ​ទិវង្គត ហើយ​លោក​ហាសែល​ក៏​ឡើង​សោយ​រាជ្យ​ជំនួស​វិញ។

16 នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​យ៉ូសា‌ផាត បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា

17 ក្នុង​ព្រះ‌ជន្មាយុ​សាម‌សិប​ពីរ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។