២ ពង្សា‌វតារ‌ក្សត្រ 8:14-20 KHSV

14 លោក​ហាសែល​ចាក​ចេញ​ពី​លោក​អេលីសេ វិល​ត្រឡប់​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​លោក​អេលីសេ​មាន​ប្រសាសន៍​ដូច​ម្ដេច»។ លោក​ហាសែល​ឆ្លើយ​ថា៖ «លោក​ប្រាប់​ទូលបង្គំ​ថា ព្រះ‌ករុណា​នឹង​ជា​សះ‌ស្បើយ​ពិត​មែន»។

15 ស្អែក​ឡើង លោក​ហាសែល​យក​ភួយ​ជ្រលក់​ទឹក រួច​យក​ទៅ​ខ្ទប់​ព្រះ‌ភ័ក្ត្រ​ស្ដេច។ ស្ដេច​សោយ​ទិវង្គត ហើយ​លោក​ហាសែល​ក៏​ឡើង​សោយ​រាជ្យ​ជំនួស​វិញ។

16 នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​យ៉ូសា‌ផាត បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា

17 ក្នុង​ព្រះ‌ជន្មាយុ​សាម‌សិប​ពីរ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។

18 ព្រះ‌បាទ​យ៉ូរ៉ាម​ដើរ​តាម​មាគ៌ា​របស់​ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ដែរ ព្រោះ​ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ‌បាទ​អហាប់ ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

19 ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​លុប​បំបាត់​រាជា​ណាចក្រ​យូដា​ទេ ព្រោះ​ព្រះ‌អង្គ​បាន​សន្យា​នឹង​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។

20 ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។