21 ពេលនោះ ព្រះបាទយ៉ូរ៉ាមយាងចេញទៅក្រុងសាអ៊ារ ដោយនាំរទេះចំបាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្ដេច និងពួកមេបញ្ជាការកងរទេះចំបាំង។ ស្ដេចក៏តើនឡើងនៅពេលយប់ ហើយវាយបើកផ្លូវ រីឯពលទាហានយូដាបាក់ទ័ព រត់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។
22 តាំងពីពេលនោះមក ជនជាតិអេដុមបានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរដែរ។
23 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូរ៉ាម និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
24 លុះព្រះបាទយ៉ូរ៉ាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអហាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។
25 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា
26 ក្នុងព្រះជន្មាយុម្ភៃពីរវស្សា ទ្រង់សោយរាជ្យបានមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អថាលា ជាចៅរបស់ព្រះបាទអូមរី ស្ដេចស្រុកអ៊ីស្រាអែល។
27 ព្រះបាទអហាស៊ីយ៉ាដើរតាមមាគ៌ារបស់រាជវង្សព្រះបាទអហាប់ ហើយប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចរាជវង្សព្រះបាទអហាប់ដែរ ព្រោះទ្រង់បានរៀបអភិសេកជាមួយញាតិវង្សរបស់ព្រះបាទអហាប់។