1 ព្យាការីអេលីសេបានហៅបុរសម្នាក់ដែលជាសមាជិកក្រុមព្យាការីមក រួចមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ចេញដំណើរទៅកាន់ក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ហើយយកដបប្រេងទៅជាមួយផង។
2 ពេលទៅដល់ អ្នកត្រូវជួបលោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី។ អ្នកត្រូវចូលទៅហៅលោកឲ្យក្រោកចេញពីចំណោមបងប្អូនរបស់លោក ហើយនាំទៅបន្ទប់ខាងក្នុងបំផុត។
3 ចូរយកដបប្រេងមកចាក់បង្ហូរលើក្បាលរបស់លោក ទាំងពោលថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិសេកអ្នកជាស្ដេចលើជនជាតិអ៊ីស្រាអែល”។ បន្ទាប់មក អ្នកត្រូវបើកទ្វាររត់ចេញទៅ កុំបង្អែបង្អង់ឡើយ»។
4 យុវបុរសជាព្យាការីនោះក៏ចេញដំណើរទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
5 កាលទៅដល់ គាត់ឃើញពួកមេទ័ពកំពុងអង្គុយជុំគ្នា។ គាត់ពោលឡើងថា៖ «លោកមេទ័ព ខ្ញុំប្របាទមានកិច្ចការមួយជម្រាបលោក!»។ លោកយេហ៊ូវសួរថា៖ «ក្នុងចំណោមពួកយើង តើអ្នកចង់ជួបនរណា?»។ គាត់ជម្រាបថា៖ «បាទ! គឺលោកហ្នឹងហើយ!»។
6 លោកយេហ៊ូវក្រោកឡើង ហើយចូលទៅក្នុងផ្ទះ។ យុវបុរសនោះក៏យកប្រេងចាក់បង្ហូរលើក្បាលលោក ទាំងពោលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិសេកអ្នកជាស្ដេចលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។
7 អ្នកត្រូវប្រហារពូជពង្សអហាប់ជាម្ចាស់របស់អ្នក ហើយយើងនឹងសងបំណុលឈាមឲ្យពួកព្យាការី ជាអ្នកបម្រើរបស់យើង និងសងបំណុលឈាមពួកអ្នកបម្រើឯទៀតៗរបស់យើង ដែលយេសិបិលបានសម្លាប់។