២ សាំយូ‌អែល 11:4-10 KHSV

4 ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក នាង​មក​ឯ​ដំណាក់​ស្ដេច ហើយ​ស្ដេច​ក៏​រួម​ដំណេក​ជា​មួយ​នាង រួច​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​នោះ នាង​ទើប​នឹង​មាន​រដូវ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។

5 នាង​បាត‌សេបា​ក៏​មាន​ផ្ទៃ​ពោះ នាង​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ»។

6 ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​យ៉ូអាប់​ថា៖ «ចូរ​បញ្ជូន​អ៊ូរី ជា​ជន‌ជាតិ​ហេត មក​ជួប​យើង»។ លោក​យ៉ូអាប់​ក៏​បញ្ជូន​លោក​អ៊ូរី​មក។

7 លុះ​លោក​អ៊ូរី​មក​ដល់ ព្រះ‌បាទ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​លោក​យ៉ូអាប់ និង​កង‌ទ័ព ព្រម​ទាំង​សភាព​ការណ៍​សឹក។

8 បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ហើយ​ទៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្រួសារ​ចុះ»។ លោក​អ៊ូរី​ចាក​ចេញ​ពី​ដំណាក់ ហើយ​ស្ដេច​ក៏​ឲ្យ​គេ​យក​អំណោយ​ទៅ​ជូន​លោក​តាម​ក្រោយ។

9 ប៉ុន្តែ លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ គឺ​លោក​ទទួល​ទាន​ដំណេក​ជា​មួយ​ពួក​នាយ​ទាហាន នៅ​ខ្លោង​ទ្វារ​ដំណាក់​ស្ដេច។

10 មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ។ ពេល​នោះ ស្ដេច​សួរ​លោក​អ៊ូរី​ថា៖ «អ្នក​ទើប​នឹង​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​វិល​ទៅ​ផ្ទះ​របស់​អ្នក?»។