1 ក្រោយពេលព្រះអម្ចាស់រំដោះព្រះបាទដាវីឌ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្ដាប់ដៃរបស់ព្រះបាទសូលហើយ ព្រះបាទដាវីឌស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ដូចតទៅ៖
2 «ព្រះអម្ចាស់ជាថ្មដាការពារខ្ញុំជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំជាព្រះដែលរំដោះខ្ញុំ។
3 ព្រះជាម្ចាស់ជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រកព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំនិងជាជម្រកដ៏រឹងមាំរបស់ខ្ញុំ។ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
4 ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់!
5 សេចក្ដីស្លាប់រួបរឹតខ្ញុំរីឯសេចក្ដីវិនាសអន្តរាយធ្លាក់មកលើខ្ញុំដូចទឹកហូរមកយ៉ាងខ្លាំង។
6 សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ ប្រៀបបីដូចជាសំណាញ់ដែលគេបោះមកលើខ្ញុំ។
7 នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសំឡេងខ្ញុំពីក្នុងព្រះវិហាររបស់ព្រះអង្គហើយស្នូរសម្រែករបស់ខ្ញុំបានឮទៅដល់ព្រះកាណ៌របស់ព្រះអង្គ។
8 នៅពេលព្រះអង្គទ្រង់ព្រះពិរោធផែនដីកក្រើកញាប់ញ័រផ្ទៃមេឃរង្គើរហូតដល់គ្រឹះរបស់វា។
9 មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមកហើយក៏មានរងើកភ្លើងខ្ទាតចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
10 ព្រះអង្គផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមកដោយមានពពកយ៉ាងក្រាស់នៅពីក្រោមព្រះបាទាផង។
11 ព្រះអង្គយាងគង់លើចេរូប៊ីន* ហើយហោះមកព្រះអង្គយាងចេញមក ដោយគង់នៅលើវាយោដូចគង់នៅលើស្លាបបក្សី។
12 ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួនហើយយកពពកខ្មៅក្រាស់ពេញដោយទឹកធ្វើជាព្រះពន្លា។
13 មានផ្លេកបន្ទោរភ្លឺនៅខាងមុខព្រះអង្គហើយមានរងើកភ្លើងធ្លាក់ចុះមក។
14 ព្រះអម្ចាស់ធ្វើឲ្យផ្គរលាន់នៅលើមេឃព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀងមកពីលើ។
15 ព្រះអង្គបាញ់ព្រួញទៅលើខ្មាំងសត្រូវដើម្បីកំចាត់កំចាយពួកគេ។ព្រះអង្គបាញ់ផ្លេកបន្ទោរធ្វើឲ្យពួកគេបាក់ទ័ព។
16 ដោយសារព្រះបន្ទូលគំរាមរបស់ព្រះអម្ចាស់និងដោយសារខ្យល់ព្យុះដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គបាតសមុទ្រលេចចេញមកហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
17 ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ
18 ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវដ៏ខ្លាំងពូកែនិងឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំហើយមានកម្លាំងខ្លាំងជាងខ្ញុំផង។
19 នៅពេលខ្ញុំមានទុក្ខវេទនាអ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែកដល់ខ្ញុំ។
20 ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
21 ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំព្រះអង្គតបស្នងមកខ្ញុំវិញស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ
22 ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ហើយខ្ញុំមិនឃ្លាតចេញពីព្រះរបស់ខ្ញុំដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
23 ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មានរបស់ព្រះអង្គខ្ញុំមិនបំពានលើច្បាប់របស់ព្រះអង្គទេ។
24 ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មងហើយខ្ញុំបានប្រុងប្រយ័ត្នខ្លួនមិនឲ្យមានកំហុសឡើយ។
25 ហេតុនេះ ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្តព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។
26 ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នកដែលមានចិត្តស្មោះត្រង់ព្រះអង្គសម្តែងព្រះហឫទ័យស្មោះសរចំពោះអ្នកដែលមានចិត្តស្មោះសរ។
27 ចំពោះអ្នកដែលមានចិត្តបរិសុទ្ធព្រះអង្គក៏សម្តែងថា ព្រះអង្គបរិសុទ្ធដែរចំពោះអ្នកដែលមានចិត្តវៀចវេរវិញព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ។
28 ព្រះអង្គសង្គ្រោះមនុស្សទន់ទាបព្រះអង្គទតមកអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃដើម្បីបន្ទាបពួកគេ។
29 ឱព្រះអម្ចាស់អើយ ព្រះអង្គជាពន្លឺរបស់ទូលបង្គំហើយព្រះអង្គក៏បំភ្លឺភាពងងឹតរបស់ទូលបង្គំដែរ។
30 ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំវាយលុកខ្មាំងសត្រូវ និងឲ្យទូលបង្គំអាចលោតរំលងកំពែងក្រុងរបស់ពួកគេ។
31 មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុងព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។
32 មានតែព្រះអម្ចាស់មួយទេដែលពិតជាព្រះជាម្ចាស់មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះដែលពិតជាថ្មដាឲ្យយើងជ្រកកោន។
33 ព្រះជាម្ចាស់ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំព្រះអង្គរៀបចំមាគ៌ារបស់ខ្ញុំឲ្យបានល្អឥតខ្ចោះ។
34 ព្រះអង្គប្រោសប្រទានឲ្យខ្ញុំរត់លឿនដូចសត្វក្ដាន់ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។
35 ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹកនិងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
36 ព្រះអង្គការពារ និងសង្គ្រោះទូលបង្គំព្រះអង្គគាំទ្រទូលបង្គំហើយព្រះអង្គលើកទូលបង្គំឡើងដោយព្រះហឫទ័យមេត្តា។
37 ព្រះអង្គការពារទូលបង្គំមិនឲ្យខ្មាំងសត្រូវដេញទាន់មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។
38 ទូលបង្គំដេញតាមពួកខ្មាំងសត្រូវនិងបំផ្លាញពួកគេហើយទូលបង្គំមិនត្រឡប់មកវិញទេដរាបទាល់តែបានកម្ទេចពួកគេអស់។
39 ទូលបង្គំកម្ទេច និងកាប់សម្លាប់ពួកគេមិនឲ្យពួកគេក្រោកឡើងវិញឡើយពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
40 ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំងធ្វើសឹក និងបង្ក្រាបខ្មាំងសត្រូវ។
41 ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ពរត់នៅមុខទូលបង្គំហើយទូលបង្គំបានធ្វើឲ្យអស់អ្នកដែលស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។
42 ពួកគេនាំគ្នាសម្លឹងរកមើលជំនួយតែគ្មាននរណាជួយពួកគេឡើយគេស្រែកហៅព្រះអម្ចាស់តែព្រះអង្គមិនឆ្លើយតបនឹងពួកគេទេ។
43 ទូលបង្គំកម្ទេចពួកគេឲ្យម៉ដ្ត ដូចធូលីដីទូលបង្គំជាន់ឈ្លីពួកគេដូចភក់ជ្រាំនៅតាមផ្លូវ។
44 ព្រះអង្គបានរំដោះឲ្យទូលបង្គំរួចពីការបះបោររបស់ប្រជាជនហើយទុកឲ្យទូលបង្គំធ្វើជាមេដឹកនាំលើប្រជាជាតិនានាប្រជាជនមួយដែលទូលបង្គំមិនធ្លាប់ស្គាល់បានមកចុះចូលនឹងទូលបង្គំ។
45 ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំហើយពេលទូលបង្គំនិយាយតែមួយម៉ាត់គេក៏ធ្វើតាមភ្លាម។
46 ជនបរទេសបាក់ទឹកចិត្តហើយចេញពីទីជម្រករបស់គេមកទាំងភ័យញាប់ញ័រ។
47 ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គដែលជាថ្មដារបស់ទូលបង្គំ!សូមលើកតម្កើងព្រះជាម្ចាស់ ជាថ្មដាដែលបានសង្គ្រោះទូលបង្គំ!
48 ដ្បិតព្រះអង្គបានឲ្យទូលបង្គំមានជ័យជំនះលើខ្មាំងសត្រូវព្រះអង្គបានបន្ទាបប្រជាជននានាឲ្យមកនៅក្រោមអំណាចទូលបង្គំ
49 ហើយព្រះអង្គបានដកខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ជាងបច្ចាមិត្តរបស់ទូលបង្គំនិងរំដោះទូលបង្គំឲ្យរួចផុតពីមនុស្សឃោរឃៅ។
50 ហេតុនេះហើយបានជាទូលបង្គំសរសើរតម្កើងព្រះអង្គក្នុងចំណោមប្រជាជាតិនានាឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាមរបស់ព្រះអង្គ។
51 ព្រះអង្គប្រទានការសង្គ្រោះដ៏ធំធេងដល់ស្ដេចដែលព្រះអង្គបានតែងតាំង។ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកគឺចំពោះស្ដេចដាវីឌ និងពូជពង្សរៀងរហូតតទៅ»។