1 កាលព្រះបាទសូលសោយទិវង្គតផុតទៅ លោកដាវីឌដែលបានវាយឈ្នះជនជាតិអាម៉ាឡេក ក៏វិលត្រឡប់មកក្រុងស៊ីគឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។
2 នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយបង្គំ។
3 លោកដាវីឌសួរថា៖ «អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទរត់ចេញពីជំរំអ៊ីស្រាអែល»។
4 លោកដាវីឌសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖ «ទាហានអ៊ីស្រាអែលបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ហើយមានទាហានជាច្រើនត្រូវគេសម្លាប់ សូម្បីតែព្រះបាទសូល និងសម្ដេចយ៉ូណាថានជាបុត្រ ក៏សោយទិវង្គតដែរ»។
5 លោកដាវីឌសួរយុវបុរសដែលនាំដំណឹងមកនោះថា៖ «ម្ដេចក៏អ្នកដឹងថាព្រះបាទសូល និងសម្ដេចយ៉ូណាថានសុគត?»។
6 យុវបុរសរៀបរាប់ថា៖ «ពេលកើតហេតុការណ៍នោះ ខ្ញុំបាទក៏ស្ថិតនៅលើភ្នំគីលបោដែរ។ ខ្ញុំបាទបានឃើញព្រះបាទសូលច្រត់នៅលើលំពែងរបស់ស្ដេច ហើយមានរទេះចំបាំង និងទ័ពសេះរបស់សត្រូវដេញតាមយ៉ាងប្រកិត។
7 ព្រះរាជាងាកមកទតឃើញខ្ញុំបាទ ហើយត្រាស់ហៅខ្ញុំបាទ។ ខ្ញុំបាទឆ្លើយថា “ព្រះករុណាថ្លៃវិសេស!”។
8 ព្រះរាជាមានរាជឱង្ការសួរខ្ញុំថា “អ្នកជានរណា?” ខ្ញុំបាទទូលថា “ទូលបង្គំជាជនជាតិអាម៉ាឡេក”។
9 ពេលនោះ ព្រះរាជាបង្គាប់មកខ្ញុំបាទថា “ចូរមកជិតយើង សម្លាប់យើងទៅ! ទោះបីយើងនៅដឹងខ្លួនក្ដី ក៏យើងកាន់តែល្វើយទៅៗ”។
10 ខ្ញុំបាទចូលទៅជិត ហើយធ្វើគុតព្រះរាជាទៅ ដ្បិតខ្ញុំបាទដឹងច្បាស់ថា ដោយស្ដេចបរាជ័យដូច្នេះ ទ្រង់មិនអាចរស់តទៅទៀតបានឡើយ។ ខ្ញុំបាទដោះយកមកុដ និងខ្សែដៃរបស់ស្ដេច ដែលខ្ញុំបាទសូមយកមកជូនលោកម្ចាស់នៅទីនេះ»។
11 លោកដាវីឌទាញសម្លៀកបំពាក់របស់លោកមកហែក ហើយអស់អ្នកដែលនៅជាមួយលោកក៏ធ្វើដូចលោកដែរ។
12 ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំឭកដល់ព្រះបាទសូល សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងកងទ័ពរបស់ព្រះអម្ចាស់ និងពូជពង្សអ៊ីស្រាអែល ដែលបានបាត់បង់ជីវិតនៅលើសមរភូមិ។
13 បន្ទាប់មក លោកដាវីឌមានប្រសាសន៍ទៅកាន់យុវបុរសដែលនាំដំណឹងមកជម្រាបលោកនោះថា៖ «អ្នកជានរណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទជាកូនរបស់ជនជាតិអាម៉ាឡេកម្នាក់ ដែលរស់នៅក្នុងស្រុកនេះ»។
14 លោកដាវីឌមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកហ៊ានលើកដៃធ្វើគុតស្ដេច ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក?»។
15 លោកដាវីឌហៅក្មេងបម្រើម្នាក់របស់លោកមក រួចបញ្ជាថា៖ «ចូរមកជិត ហើយសម្លាប់អ្នកនេះចោលទៅ!»។ អ្នកបម្រើនោះក៏សម្លាប់ជនជាតិអាម៉ាឡេក។
16 លោកដាវីឌពោលថា៖ «អ្នកស្លាប់ ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសម្ដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានធ្វើគុតស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក»។
17 លោកដាវីឌបានលើកទំនុកមួយបទ ដើម្បីរំឭកដល់ព្រះបាទសូល និងសម្ដេចយ៉ូណាថានជាបុត្រ។
18 លោកបានបញ្ជាឲ្យគេបង្រៀនទំនុកនេះដល់អ្នកស្រុកយូដា គឺ«ទំនុកធ្នូ» ដែលមានកត់ត្រាទុកក្នុងក្រាំង «ជនសុចរិត»។
19 អ៊ីស្រាអែលអើយ!ហេតុអ្វីបានជាវីរជនរបស់អ្នកត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ?ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវបាត់បង់ជីវិតដូច្នេះ?
20 មិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះនៅតាមផ្លូវក្នុងក្រុងអាសកាឡូនដែរក្រែងលោកូនស្រីរបស់ជនជាតិភីលីស្ទីននាំគ្នាអរសប្បាយក្រែងលោកូនស្រីនៃសាសន៍ដទៃ នាំគ្នាត្រេកអរ។
21 ជួរភ្នំគីលបោអើយ!សូមកុំឲ្យមានទឹកសន្សើមឬភ្លៀងធ្លាក់មកលើអ្នកឡើយហើយក៏កុំឲ្យមានចម្ការដែលផ្ដល់ភោគផលទៀតដែរ។ដ្បិតនៅទីនេះហើយដែលសត្រូវបានបន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាចហើយខែលរបស់ព្រះបាទសូលក៏លែងបានលាបប្រេងតទៅទៀតដែរ។
22 ធ្នូរបស់សម្ដេចយ៉ូណាថានឥតរេថយឡើយហើយដាវរបស់ព្រះបាទសូលក៏មិនស៊កចូលស្រោមវិញដែរដរាបណាមិនបានបង្ហូរឈាមសត្រូវ និងសម្លាប់ទាហានដ៏ខ្លាំងពូកែរបស់ពួកគេទេនោះ។
23 ព្រះបាទសូល និងសម្ដេចយ៉ូណាថានជាមនុស្សគួរឲ្យស្រឡាញ់និងគោរពរាប់អានពេលរស់ គឺរស់ជាមួយគ្នាហើយពេលសោយទិវង្គតក៏សោយទិវង្គតជាមួយគ្នាដែរ។ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រីហើយខ្លាំងដូចសត្វសិង្ហ។
24 ឱកូនស្រីនៃជនជាតិអ៊ីស្រាអែលអើយ!ចូរយំស្រណោះព្រះបាទសូលទៅព្រោះទ្រង់តែងប្រទានឲ្យពួកនាងមានសម្លៀកបំពាក់ដ៏រុងរឿងត្រចះត្រចង់ព្រមទាំងមានរំយោលមាសទៀតផង។
25 ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់ក្នុងពេលប្រយុទ្ធដូច្នេះ?ហេតុអ្វីបានជាសម្ដេចយ៉ូណាថានត្រូវខ្មាំងចាក់ទម្លុះនៅលើកំពូលភ្នំដូច្នេះ?
26 បងយ៉ូណាថានជាទីស្រឡាញ់បំផុតអើយចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាដោយសារបាត់បង់រូបបងសេចក្ដីស្រឡាញ់របស់បងវិសេសបំផុតគឺប្រសើរលើសសេចក្ដីស្រឡាញ់របស់ស្រីៗទៅទៀត។
27 ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់ដូច្នេះ?ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?