1 ក្រោយមក ព្រះបាទដាវីឌវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដកអំណាចពីពួកគេ លែងឲ្យត្រួតត្រាលើតំបន់នោះទៀតផង។
2 ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ ស្ដេចបង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។
3 ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដារេស៊ើរ ជាបុត្ររបស់ព្រះបាទរេហូប និងជាស្ដេចស្រុកសូបា ក្នុងពេលដែលព្រះបាទហាដារេស៊ើរ កំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាតឡើងវិញ។
4 ព្រះបាទដាវីឌចាប់បានទ័ពសេះរបស់ព្រះបាទហាដារេស៊ើរចំនួនមួយពាន់ប្រាំពីររយនាក់ និងកងពលថ្មើរជើងចំនួនពីរម៉ឺននាក់។ ស្ដេចបានយកសេះមួយរយក្បាលទុក ក្រៅពីនោះ ស្ដេចកាត់សរសៃកែងជើងទាំងអស់។
5 ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស់ លើកគ្នាមកជួយព្រះបាទហាដារេស៊ើរ ជាស្ដេចស្រុកសូបា ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួនពីរម៉ឺនពីរពាន់នាក់។
6 ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកស៊ីរី ជនជាតិស៊ីរីក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជំនះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
7 ព្រះបាទដាវីឌរឹបអូសខែលមាសពីពួកបរិវាររបស់ព្រះបាទហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។
8 ព្រះបាទដាវីឌក៏រឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងបេរ៉ូថាយ ដែលជាក្រុងរបស់ព្រះបាទហាដារេស៊ើរ។
9 កាលព្រះបាទថូអ៊ី ជាស្ដេចក្រុងហាម៉ាត់ជ្រាបថាព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដារេស៊ើរ
10 ទ្រង់ក៏ចាត់សម្ដេចយ៉ូរ៉ាម ជាបុត្រ ឲ្យចូលមកគាល់ព្រះបាទដាវីឌ និងអបអរសាទរចំពោះជ័យជំនះលើព្រះបាទហាដារេស៊ើរ ព្រោះព្រះបាទថូអ៊ីធ្វើសឹកសង្គ្រាមជាមួយព្រះបាទហាដារេស៊ើរដែរ។ សម្ដេចយ៉ូរ៉ាមនាំយកវត្ថុធ្វើអំពីមាស ប្រាក់ និងលង្ហិនមកថ្វាយព្រះបាទដាវីឌ។
11 ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចស្ដេចថ្វាយមាស ប្រាក់ យកបានពីប្រជាជាតិទាំងប៉ុន្មានដែលស្ដេចវាយឈ្នះដែរ
12 គឺជនជាតិស៊ីរី ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។ ព្រះបាទដាវីឌក៏យកជយភ័ណ្ឌដែលរឹបអូសបានពីព្រះបាទហាដារេស៊ើរ ជាបុត្ររបស់ព្រះបាទរេហូប ស្ដេចស្រុកសូបា ទៅថ្វាយព្រះអម្ចាស់ដែរ។
13 ពេលព្រះបាទដាវីឌវិលមកពីច្បាំងឈ្នះជនជាតិស៊ីរីវិញ ទ្រង់ប្រហារជនជាតិអេដុមអស់មួយម៉ឺនប្រាំបីពាន់នាក់ នៅជ្រលងភ្នំអំបិល ដែលធ្វើឲ្យកិត្តិនាមរបស់ស្ដេចរឹតតែល្បីល្បាញថែមទៀត។
14 ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជំនះនៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
15 ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ទ្រង់គ្រប់គ្រងលើប្រជារាស្ត្រ ដោយសុចរិត និងយុត្តិធម៌។
16 លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា មានមុខងារជាមេបញ្ជាការកងទ័ព។ លោកយេហូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។
17 លោកសាដុកជាកូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមាឡេកជាកូនរបស់លោកអបៀថើរ មានមុខងារជាបូជាចារ្យ*។
18 លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្ដេច។ លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌមានមុខងារជាបូជាចារ្យ។