5 នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឲ្យទៅទូលព្រះបាទដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។
6 ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់លោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេត មកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។
7 លុះលោកអ៊ូរីមកដល់ ព្រះបាទដាវីឌសាកសួរដំណឹងពីលោកយ៉ូអាប់ និងកងទ័ព ព្រមទាំងសភាពការណ៍សឹក។
8 បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ហើយទៅរួមសុខទុក្ខជាមួយគ្រួសារចុះ»។ លោកអ៊ូរីចាកចេញពីដំណាក់ ហើយស្ដេចក៏ឲ្យគេយកអំណោយទៅជូនលោកតាមក្រោយ។
9 ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺលោកទទួលទានដំណេកជាមួយពួកនាយទាហាន នៅខ្លោងទ្វារដំណាក់ស្ដេច។
10 មានគេទូលព្រះបាទដាវីឌថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះ ស្ដេចសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។
11 លោកអ៊ូរីទូលស្ដេចថា៖ «បពិត្រព្រះករុណា ហិបរបស់ព្រះអម្ចាស់ស្ថិតនៅក្នុងព្រះពន្លា ហើយកងទ័ពអ៊ីស្រាអែល និងយូដា ស្នាក់នៅក្នុងជំរំ រីឯលោកយ៉ូអាប់ ជាចៅហ្វាយរបស់ទូលបង្គំ និងនាយទាហាន ក៏សម្រាកនៅតាមវាលដែរ។ តើពេលនេះ ឲ្យទូលបង្គំទៅផ្ទះ ទទួលទានអាហារឆ្ងាញ់ និងដេកឱបប្រពន្ធម្ដេចកើត? ទូលបង្គំសូមស្បថថា ដរាបណាព្រះករុណាមានព្រះជន្មគង់នៅ ទូលបង្គំមិនប្រព្រឹត្តដូច្នេះឡើយ!»។