២ សាំយូ‌អែល 12:13-19 KHSV

13 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ណាថាន​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ហើយ!»។

14 ព្យាការី​ណាថាន​ទូល​ថា៖ «ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ​ព្រះ‌ករុណា ព្រះ‌ករុណា​នឹង​មិន​សោយ​ទិវង្គត​ទេ។ ប៉ុន្តែ ដោយ​ព្រះ‌ករុណា​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​នេះ ជា​ឱកាស​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ​មើល‌ងាយ​ព្រះ‌អម្ចាស់ បុត្រ​របស់​ព្រះ‌ករុណា​ដែល​ទើប​ប្រសូត​មក​នោះ នឹង​ត្រូវ​សុគត​ជា​មិន​ខាន»។

15 បន្ទាប់​មក ព្យាការី​ណាថាន​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កូន​ដែល​នាង​បាត‌សេបា ជា​ភរិយា​របស់​សព​លោក​អ៊ូរី បាន​បង្កើត​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នោះ​មាន​ជំងឺ។

16 ព្រះ‌បាទ​ដាវីឌ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​កូន​នោះ ទាំង​តម​អាហារ។ កាល​ស្ដេច​យាង​ចូល​ក្រឡា‌បន្ទំ ស្ដេច​ផ្ទំ​ផ្ទាល់​នឹង​ដី។

17 ពួក​ព្រឹទ្ធា‌ចារ្យ​នៅ​ក្នុង​ដំណាក់​ទទូច​សូម​ឲ្យ​ស្ដេច​តើន​ឡើង ប៉ុន្តែ ទ្រង់​មិន​ព្រម​ទេ ហើយ​ក៏​មិន​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ពួក​គេ​ដែរ។

18 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ កូន​នោះ​ក៏​ស្លាប់។ រាជ​បម្រើ​មិន​ហ៊ាន​ទូល​ដំណឹង​នេះ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​ទេ ព្រោះ​ពួក​គេ​និយាយ​គ្នា​ថា៖ «កាល​កូន​មាន​ជីវិត​នៅ​ឡើយ យើង​បាន​និយាយ​ជា​មួយ​ព្រះ‌ករុណា តែ​ព្រះ‌ករុណា​ពុំ​ព្រម​ស្ដាប់​យើង​ទេ ចុះ​ឥឡូវ​នេះ កូន​ស្លាប់​ហើយ តើ​យើង​ត្រូវ​ទូល​យ៉ាង​ដូច​ម្ដេច ដើម្បី​កុំ​ឲ្យ​ស្ដេច​ធ្វើ​បាប​ខ្លួន​ឯង»។

19 កាល​ព្រះ‌បាទ​ដាវីឌ​ទត​ឃើញ​រាជ​បម្រើ​ខ្សឹប‌ខ្សៀវ​គ្នា ទ្រង់​ក៏​យល់​ថា កូន​នោះ​ស្លាប់​ហើយ។ ព្រះ‌រាជា​សួរ​ពួក​គេ​ថា៖ «កូន​របស់​យើង​ស្លាប់​ហើយ​ឬ?»។ ពួក​គេ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ព្រះ‌ឱរស​នោះ​សុគត​ហើយ»។