15 បន្ទាប់មក ព្យាការីណាថានក៏វិលត្រឡប់ទៅផ្ទះរបស់លោកវិញ។ ព្រះអម្ចាស់ធ្វើឲ្យកូនដែលនាងបាតសេបា ជាភរិយារបស់សពលោកអ៊ូរី បានបង្កើតថ្វាយព្រះបាទដាវីឌនោះមានជំងឺ។
16 ព្រះបាទដាវីឌទូលអង្វរព្រះជាម្ចាស់ឲ្យកូននោះ ទាំងតមអាហារ។ កាលស្ដេចយាងចូលក្រឡាបន្ទំ ស្ដេចផ្ទំផ្ទាល់នឹងដី។
17 ពួកព្រឹទ្ធាចារ្យនៅក្នុងដំណាក់ទទូចសូមឲ្យស្ដេចតើនឡើង ប៉ុន្តែ ទ្រង់មិនព្រមទេ ហើយក៏មិនសោយព្រះស្ងោយជាមួយពួកគេដែរ។
18 នៅថ្ងៃទីប្រាំពីរ កូននោះក៏ស្លាប់។ រាជបម្រើមិនហ៊ានទូលដំណឹងនេះថ្វាយព្រះបាទដាវីឌទេ ព្រោះពួកគេនិយាយគ្នាថា៖ «កាលកូនមានជីវិតនៅឡើយ យើងបាននិយាយជាមួយព្រះករុណា តែព្រះករុណាពុំព្រមស្ដាប់យើងទេ ចុះឥឡូវនេះ កូនស្លាប់ហើយ តើយើងត្រូវទូលយ៉ាងដូចម្ដេច ដើម្បីកុំឲ្យស្ដេចធ្វើបាបខ្លួនឯង»។
19 កាលព្រះបាទដាវីឌទតឃើញរាជបម្រើខ្សឹបខ្សៀវគ្នា ទ្រង់ក៏យល់ថា កូននោះស្លាប់ហើយ។ ព្រះរាជាសួរពួកគេថា៖ «កូនរបស់យើងស្លាប់ហើយឬ?»។ ពួកគេទូលថា៖ «បពិត្រព្រះករុណា! ព្រះឱរសនោះសុគតហើយ»។
20 ព្រះបាទដាវីឌក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា រួចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយបង្គំព្រះអង្គ។ ពេលត្រឡប់មកវិញ ស្ដេចបញ្ជាឲ្យគេរៀបចំព្រះស្ងោយ ហើយទ្រង់ក៏សោយ។
21 ពួករាជបម្រើទូលសួរថា៖ «បពិត្រព្រះករុណា ស្ដេចប្រព្រឹត្តបែបនេះមានន័យដូចម្ដេចដែរ? កាលព្រះឱរសមានជីវិតនៅឡើយ ព្រះករុណាតមអាហារ ហើយសោកសង្រេងទៀតផង។ ឥឡូវនេះ ព្រះឱរសសុគតផុតហើយ ព្រះករុណាបែរជាក្រោកឡើង សោយព្រះស្ងោយទៅវិញ!»។