8 យើងបានប្រគល់រាជសម្បត្តិ ព្រមទាំងស្រីស្នំទាំងប៉ុន្មានរបស់ម្ចាស់អ្នកមកក្នុងកណ្ដាប់ដៃរបស់អ្នក។ យើងក៏បានឲ្យអ្នកគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល និងយូដាដែរ។ បើអ្នកនៅតែមិនស្កប់ទេ យើងអាចបន្ថែមលើសពីនេះទៅទៀត!
9 ចុះហេតុដូចម្ដេចបានជាអ្នកមើលងាយព្រះបន្ទូលរបស់យើង ដោយប្រព្រឹត្តអំពើដែលមិនគាប់ចិត្តយើង គឺអ្នកបានធ្វើឃាតអ៊ូរី ជាជនជាតិហេត ដោយប្រគល់ទៅឲ្យជនជាតិអាំម៉ូនសម្លាប់ រួចយកប្រពន្ធរបស់អ៊ូរីមកធ្វើជាប្រពន្ធរបស់ខ្លួនឯង។
10 ហេតុនេះហើយបានជានៅក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើលងាយយើង ដោយយកប្រពន្ធរបស់អ៊ូរី ជាជនជាតិហេត មកធ្វើជាប្រពន្ធរបស់ខ្លួន”។
11 ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងធ្វើឲ្យមានរឿងអពមង្គលកើតចេញពីក្នុងគ្រួសាររបស់អ្នក។ យើងនឹងយកស្ត្រីស្នំទាំងប៉ុន្មានរបស់អ្នក ប្រគល់ឲ្យមនុស្សម្នាក់ ដែលជាសាច់ឈាមរបស់អ្នក។ គេនឹងរួមដំណេកជាមួយស្ត្រីៗនោះ នៅកណ្ដាលវាល ចំពោះមុខអ្នកផង។
12 អ្នកបានប្រព្រឹត្តអំពើអាក្រក់ដោយស្ងាត់កំបាំង រីឯយើង យើងនឹងប្រព្រឹត្តការនេះចំពោះអ្នកវិញនៅកណ្ដាលវាល ឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលឃើញ”»។
13 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ហើយ!»។
14 ព្យាការីណាថានទូលថា៖ «ព្រះអម្ចាស់លើកលែងទោសឲ្យព្រះករុណា ព្រះករុណានឹងមិនសោយទិវង្គតទេ។ ប៉ុន្តែ ដោយព្រះករុណាប្រព្រឹត្តអំពើបាបដ៏ធ្ងន់នេះ ជាឱកាសឲ្យខ្មាំងសត្រូវប្រមាថមើលងាយព្រះអម្ចាស់ បុត្ររបស់ព្រះករុណាដែលទើបប្រសូតមកនោះ នឹងត្រូវសុគតជាមិនខាន»។