1 ក្រោយមកទៀត មានរឿងកើតឡើងដូចតទៅ: សម្ដេចអាប់សាឡុម ជាបុត្ររបស់ព្រះបាទដាវីឌ មានប្អូនស្រីម្នាក់នាមព្រះនាងតាម៉ារ ដែលមានរូបឆោមល្អស្អាត។ រីឯសម្ដេចអាំណូន ជាបុត្រាមួយអង្គទៀតរបស់ព្រះបាទដាវីឌ មានចិត្តប្រតិព័ទ្ធលើរូបនាង។
2 សម្ដេចអាំណូនមានចិត្តស្រឡាញ់ព្រះនាង ជាប្អូនស្រីខ្លាំងពេក រហូតដល់ធ្លាក់ខ្លួនឈឺ ដ្បិតរកធ្វើអ្វីនាងមិនបាន ព្រោះនាងនៅក្រមុំព្រហ្មចារី។
3 សម្ដេចអាំណូនមានមិត្តម្នាក់ ជាមនុស្សមានប្រាជ្ញាឈ្លាសវៃណាស់ ឈ្មោះយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ។
4 លោកយ៉ូណាដាប់សួរសម្ដេចអាំណូនថា៖ «ព្រះអង្គម្ចាស់ ហេតុអ្វីក៏មានទឹកមុខស្រងូតជារៀងរាល់ព្រឹកដូច្នេះ? សូមប្រាប់ឲ្យខ្ញុំដឹងផងបានឬទេ?»។ សម្ដេចអាំណូនឆ្លើយថា៖ «ខ្ញុំមានចិត្តប្រតិព័ទ្ធលើរូបព្រះនាងតាម៉ារ ជាប្អូនរបស់សម្ដេចអាប់សាឡុម ប្អូនរបស់ខ្ញុំ»។
5 លោកយ៉ូណាដាប់ពោលថា៖ «ដូច្នេះ សូមទៅផ្ទំនៅលើគ្រែ ហើយធ្វើពុតជាឈឺទៅ។ កាលបិតារបស់ព្រះអង្គម្ចាស់យាងមកសួរសុខទុក្ខ ព្រះអង្គម្ចាស់ត្រូវទូលថា “សូមបិតាមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីរបស់ទូលបង្គំ យកម្ហូបអាហារមកឲ្យទូលបង្គំផង។ នាងត្រូវរៀបចំធ្វើម្ហូបអាហារនេះនៅចំពោះមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំឃើញ ហើយទទួលម្ហូបអាហារពីដៃរបស់នាងផ្ទាល់”»។