11 ពេលនាងកំពុងលើកនំមកថ្វាយនោះ សម្ដេចចាប់នាង ទាំងពោលថា៖ «អូនអើយ! ចូរមករួមដំណេកជាមួយបង!»។
12 ព្រះនាងតាម៉ារប្រកែកថា៖ «ទេ ម្ចាស់បង សូមកុំធ្វើបាបខ្ញុំម្ចាស់បែបនេះ! នៅស្រុកអ៊ីស្រាអែល គេមិនប្រព្រឹត្តដូច្នេះទេ។ សូមម្ចាស់បងកុំប្រព្រឹត្តអំពើថោកទាបយ៉ាងនេះឲ្យសោះ។
13 បើធ្វើដូច្នេះ តើឲ្យខ្ញុំម្ចាស់យកមុខទៅទុកនៅឯណា? ចំពោះម្ចាស់បងវិញ គេនឹងចាត់ទុកម្ចាស់បងជាមនុស្សទុយ៌សនៅស្រុកអ៊ីស្រាអែល។ សូមម្ចាស់បងទូលបិតាទៅ ទ្រង់នឹងមិនបដិសេធលើកខ្ញុំម្ចាស់ឲ្យម្ចាស់បងឡើយ»។
14 សម្ដេចអាំណូនមិនព្រមស្ដាប់នាងទេ សម្ដេចបានចាប់បង្ខំ ហើយរំលោភលើនាង។
15 បន្ទាប់មក សម្ដេចអាំណូនស្អប់នាងយ៉ាងខ្លាំង ពោលគឺសម្ដេចស្អប់ខ្ពើមនាងខ្លាំងជាងសេចក្ដីស្រឡាញ់ ដែលសម្ដេចមានចំពោះរូបនាង កាលពីពេលមុនទៅទៀត។ សម្ដេចបណ្ដេញនាងថា៖ «ចេញទៅ!»។
16 ព្រះនាងប្រកែកថា៖ «ទេ! ម្ចាស់បងបណ្ដេញខ្ញុំម្ចាស់ដូច្នេះ អាក្រក់ជាងអំពើដែលម្ចាស់បងទើបនឹងប្រព្រឹត្តមកលើរូបខ្ញុំម្ចាស់នោះទៅទៀត!»។ ប៉ុន្តែ សម្ដេចអាំណូនមិនព្រមស្ដាប់នាងទេ
17 សម្ដេចហៅក្មេងបម្រើម្នាក់មក បង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។