25 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្ដេចអាប់សាឡុមបានទទូចអង្វរព្រះរាជា តែស្ដេចប្រកែកមិនព្រមទៅទេ គឺទ្រង់គ្រាន់តែប្រទានពរឲ្យបុត្រប៉ុណ្ណោះ។
26 សម្ដេចអាប់សាឡុមទូលថា៖ «បើបិតាមិនយាងទៅទេ សូមអនុញ្ញាតឲ្យតែបងអាំណូនទៅរួមជាមួយពួកយើងក៏បាន»។ ព្រះរាជាសួរថា៖ «ហេតុអ្វីចាំបាច់ឲ្យអាំណូនទៅជាមួយ?»។
27 សម្ដេចអាប់សាឡុមទទូចអង្វរសាជាថ្មី ហើយព្រះរាជាក៏អនុញ្ញាតឲ្យសម្ដេចអាំណូន និងបុត្រឯទៀតៗទៅជាមួយដែរ។
28 សម្ដេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបម្រើថា៖ «ចូរឃ្លាំមើលសម្ដេចអាំណូនឲ្យជាប់ ពេលណាសម្ដេចអាំណូនសោយស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។
29 ពួកអ្នកបម្រើធ្វើតាមបញ្ជារបស់សម្ដេចអាប់សាឡុម ហើយសម្លាប់សម្ដេចអាំណូន។ បុត្រឯទៀតៗរបស់ព្រះបាទដាវីឌឃើញដូច្នោះ ក៏នាំគ្នាក្រោកឡើង ហើយជិះលារៀងៗខ្លួនរត់ចេញទៅ។
30 បុត្រទាំងនោះកំពុងតែយាងមកតាមផ្លូវ ព្រះបាទដាវីឌទទួលដំណឹងថា សម្ដេចអាប់សាឡុមបានសម្លាប់បុត្រាទាំងអស់របស់ស្ដេច គ្មានសល់មួយអង្គណាសោះឡើយ។
31 ពេលនោះ ព្រះរាជាហែកសម្លៀកបំពាក់ ហើយផ្ទំផ្ទាល់នឹងដី។ មន្ត្រីទាំងអស់នាំគ្នាឈរជុំវិញស្ដេច ទាំងហែកសម្លៀកបំពាក់ដែរ។