២ សាំយូ‌អែល 13:27-33 KHSV

27 សម្ដេច​អាប់‌សាឡុម​ទទូច​អង្វរ​សា​ជា​ថ្មី ហើយ​ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ​សម្ដេច​អាំណូន និង​បុត្រ​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។

28 សម្ដេច​អាប់​សាឡុម​បាន​បញ្ជា​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ឃ្លាំ​មើល​សម្ដេច​អាំណូន​ឲ្យ​ជាប់ ពេល​ណា​សម្ដេច​អាំណូន​សោយ​ស្រា​ស្រវឹង ហើយ​ពេល​ណា​យើង​បង្គាប់​ថា “ចូរ​ប្រហារ​អាំណូន!” នោះ​ចូរ​សម្លាប់​គេ​ចោល​ទៅ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ចូរ​តាំង​ចិត្ត​អង់‌អាច​ក្លាហាន​ឡើង!»។

29 ពួក​អ្នក​បម្រើ​ធ្វើ​តាម​បញ្ជា​របស់​សម្ដេច​អាប់‌សាឡុម ហើយ​សម្លាប់​សម្ដេច​អាំណូន។ បុត្រ​ឯ​ទៀតៗ​របស់​ព្រះ‌បាទ​ដាវីឌ​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​ក្រោក​ឡើង ហើយ​ជិះ​លា​រៀងៗ​ខ្លួន​រត់​ចេញ​ទៅ។

30 បុត្រ​ទាំង​នោះ​កំពុង​តែ​យាង​មក​តាម​ផ្លូវ ព្រះ‌បាទ​ដាវីឌ​ទទួល​ដំណឹង​ថា សម្ដេច​អាប់‌សាឡុម​បាន​សម្លាប់​បុត្រា​ទាំង​អស់​របស់​ស្ដេច គ្មាន​សល់​មួយ​អង្គ​ណា​សោះ​ឡើយ។

31 ពេល​នោះ ព្រះ‌រាជា​ហែក​សម្លៀក‌បំពាក់ ហើយ​ផ្ទំ​ផ្ទាល់​នឹង​ដី។ មន្ត្រី​ទាំង​អស់​នាំ​គ្នា​ឈរ​ជុំ‌វិញ​ស្ដេច ទាំង​ហែក​សម្លៀក‌បំពាក់​ដែរ។

32 ប៉ុន្តែ លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​កុំ​នឹក​ស្មាន​ថា​គេ​ធ្វើ​គុត​បុត្រា​ទាំង​អស់​របស់​ព្រះ‌ករុណា​ឡើយ គឺ​មាន​តែ​សម្ដេច​អាំណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​សុគត ដ្បិត​សម្ដេច​អាប់‌សាឡុម​បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តាំង​ពី​ថ្ងៃ​ដែល​សម្ដេច​អាំណូន​បាន​រំលោភ​លើ​រូប​ព្រះ‌នាង​តាម៉ារ ជា​ប្អូន​ស្រី​ម៉្លេះ។

33 ហេតុ​នេះ សូម​ព្រះ‌ករុណា​កុំ​នឹក​ស្មាន​ថា បុត្រា​របស់​ព្រះ‌ករុណា​ត្រូវ​សុគត​អស់​នោះ​ឡើយ គឺ​មាន​តែ​សម្ដេច​អាំណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​សុគត»។