6 សម្ដេចអាំណូនក៏ទៅផ្ទំ ហើយធ្វើពុតជាឈឺ។ ពេលព្រះរាជាយាងមកសួរសុខទុក្ខ សម្ដេចទូលថា៖ «សូមបិតាមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីទូលបង្គំ មកធ្វើនំពីរ នៅមុខទូលបង្គំ រួចហើយនាងលើកនំនោះមកឲ្យទូលបង្គំដោយផ្ទាល់ដៃ ទើបទូលបង្គំទទួលទាន»។
7 ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់ព្រះនាងតាម៉ារ នៅឯដំណាក់របស់ព្រះនាងថា៖ «ចូរទៅដំណាក់អាំណូនជាបងរបស់នាង ហើយរៀបចំធ្វើម្ហូបអាហារឲ្យបងសោយផង»។
8 ព្រះនាងតាម៉ារយាងទៅដល់ដំណាក់របស់សម្ដេចអាំណូន ជាបងដែលកំពុងផ្ទំលើគ្រែ។ ព្រះនាងយកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។
9 ព្រះនាងយកខ្ទះមកចៀននំ រួចយកទៅថ្វាយសម្ដេចអាំណូន ប៉ុន្តែ សម្ដេចមិនព្រមសោយទេ។ សម្ដេចបញ្ជាឲ្យអ្នកឯទៀតៗចេញពីបន្ទប់ទាំងអស់គ្នា ពួកគេក៏ចេញទៅ។
10 សម្ដេចអាំណូនប្រាប់ព្រះនាងតាម៉ារថា៖ «ចូរយកនំមកឲ្យបងដល់គ្រែផង ដើម្បីឲ្យបងទទួលទាននំពីដៃរបស់ប្អូនផ្ទាល់»។ ព្រះនាងតាម៉ារយកនំដែលខ្លួនបានធ្វើនោះ ទៅថ្វាយសម្ដេចអាំណូនដល់គ្រែ។
11 ពេលនាងកំពុងលើកនំមកថ្វាយនោះ សម្ដេចចាប់នាង ទាំងពោលថា៖ «អូនអើយ! ចូរមករួមដំណេកជាមួយបង!»។
12 ព្រះនាងតាម៉ារប្រកែកថា៖ «ទេ ម្ចាស់បង សូមកុំធ្វើបាបខ្ញុំម្ចាស់បែបនេះ! នៅស្រុកអ៊ីស្រាអែល គេមិនប្រព្រឹត្តដូច្នេះទេ។ សូមម្ចាស់បងកុំប្រព្រឹត្តអំពើថោកទាបយ៉ាងនេះឲ្យសោះ។