9 ព្រះនាងយកខ្ទះមកចៀននំ រួចយកទៅថ្វាយសម្ដេចអាំណូន ប៉ុន្តែ សម្ដេចមិនព្រមសោយទេ។ សម្ដេចបញ្ជាឲ្យអ្នកឯទៀតៗចេញពីបន្ទប់ទាំងអស់គ្នា ពួកគេក៏ចេញទៅ។
10 សម្ដេចអាំណូនប្រាប់ព្រះនាងតាម៉ារថា៖ «ចូរយកនំមកឲ្យបងដល់គ្រែផង ដើម្បីឲ្យបងទទួលទាននំពីដៃរបស់ប្អូនផ្ទាល់»។ ព្រះនាងតាម៉ារយកនំដែលខ្លួនបានធ្វើនោះ ទៅថ្វាយសម្ដេចអាំណូនដល់គ្រែ។
11 ពេលនាងកំពុងលើកនំមកថ្វាយនោះ សម្ដេចចាប់នាង ទាំងពោលថា៖ «អូនអើយ! ចូរមករួមដំណេកជាមួយបង!»។
12 ព្រះនាងតាម៉ារប្រកែកថា៖ «ទេ ម្ចាស់បង សូមកុំធ្វើបាបខ្ញុំម្ចាស់បែបនេះ! នៅស្រុកអ៊ីស្រាអែល គេមិនប្រព្រឹត្តដូច្នេះទេ។ សូមម្ចាស់បងកុំប្រព្រឹត្តអំពើថោកទាបយ៉ាងនេះឲ្យសោះ។
13 បើធ្វើដូច្នេះ តើឲ្យខ្ញុំម្ចាស់យកមុខទៅទុកនៅឯណា? ចំពោះម្ចាស់បងវិញ គេនឹងចាត់ទុកម្ចាស់បងជាមនុស្សទុយ៌សនៅស្រុកអ៊ីស្រាអែល។ សូមម្ចាស់បងទូលបិតាទៅ ទ្រង់នឹងមិនបដិសេធលើកខ្ញុំម្ចាស់ឲ្យម្ចាស់បងឡើយ»។
14 សម្ដេចអាំណូនមិនព្រមស្ដាប់នាងទេ សម្ដេចបានចាប់បង្ខំ ហើយរំលោភលើនាង។
15 បន្ទាប់មក សម្ដេចអាំណូនស្អប់នាងយ៉ាងខ្លាំង ពោលគឺសម្ដេចស្អប់ខ្ពើមនាងខ្លាំងជាងសេចក្ដីស្រឡាញ់ ដែលសម្ដេចមានចំពោះរូបនាង កាលពីពេលមុនទៅទៀត។ សម្ដេចបណ្ដេញនាងថា៖ «ចេញទៅ!»។