២ សាំយូ‌អែល 14:16-22 KHSV

16 ព្រះ‌ករុណា​មុខ​ជា​ស្ដាប់​ពាក្យ​ខ្ញុំ​ម្ចាស់ ហើយ​រំដោះ​ខ្ញុំ​ម្ចាស់ និង​កូន ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ចង់​បំផ្លាញ​យើង​ឲ្យ​បាត់​ពី​ទឹក​ដី ជា​កេរ‌មត៌ក​របស់​ព្រះ‌ជាម្ចាស់។

17 ខ្ញុំ​ម្ចាស់​នឹក​ថា រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​ពិត​ជា​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងៀម ដ្បិត​ព្រះ‌ករុណា​ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌ករុណា​ស្គាល់​ល្អ ស្គាល់​អាក្រក់។ សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​គង់​ជា​មួយ​ព្រះ‌ករុណា!»។

18 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «យើង​សូម​សួរ​នាង​រឿង​មួយ ហើយ​នាង​មិន​ត្រូវ​លាក់‌លៀម​អ្វី​ឡើយ»។ ស្ត្រី​នោះ​ទូល​វិញ​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​មាន​រាជ‌ឱង្ការ​មក​ចុះ!»។

19 ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​លោក​យ៉ូអាប់​ឬ​ដែល​បាន​រួម​គំនិត​ជា​មួយ​នាង​ក្នុង​រឿង​នេះ?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ខ្ញុំ​ម្ចាស់​សូម​ស្បថ​ថា នេះ​ពិត​ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន! គឺ​លោក​យ៉ូអាប់ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា បាន​បង្គាប់​ឲ្យ​ខ្ញុំ​ម្ចាស់​និយាយ​ពាក្យ​ទាំង​អស់​នេះ។

20 លោក​ធ្វើ​ដូច្នេះ ដើម្បី​សម្រួល​សភាព​ការណ៍។ ប៉ុន្តែ ព្រះ‌ករុណា​ជ្រាប​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​លើ​ផែនដី ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​ដូច​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ដែរ»។

21 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​យ៉ូអាប់​ថា៖ «យើង​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​ហើយ ចូរ​ទៅ​នាំ​អាប់‌សាឡុម​មក​វិញ​ចុះ»។

22 លោក​យ៉ូអាប់​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច​អោន​មុខ​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ព្រះ‌ករុណា​នៅ​តែ​ប្រណី​សន្ដោស​ទូលបង្គំ ព្រោះ​ស្ដេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ទូលបង្គំ»។