២ សាំយូ‌អែល 14:21-27 KHSV

21 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​យ៉ូអាប់​ថា៖ «យើង​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​ហើយ ចូរ​ទៅ​នាំ​អាប់‌សាឡុម​មក​វិញ​ចុះ»។

22 លោក​យ៉ូអាប់​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច​អោន​មុខ​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ព្រះ‌ករុណា​នៅ​តែ​ប្រណី​សន្ដោស​ទូលបង្គំ ព្រោះ​ស្ដេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ទូលបង្គំ»។

23 លោក​យ៉ូអាប់​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស្រុក​កេស៊ួ‌រី ហើយ​នាំ​សម្ដេច​អាប់‌សាឡុម វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

24 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​ឲ្យ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្ដេច​អាប់‌សាឡុម​ក៏​យាង​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ទេ។

25 នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​រូប​សម្បត្តិ​ល្អ​ស្អាត គួរ​ជា​ទី​គយ‌គន់​ដូច​សម្ដេច​អាប់‌សាឡុម​ទេ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។

26 រៀង​រាល់​ឆ្នាំ សម្ដេច​អាប់‌សាឡុម​តែងតែ​កាត់​សក់​នៅ​ពេល​ចុង​ឆ្នាំ ព្រោះ​សក់​នោះ​ធ្ងន់​ពេក។ គេ​ថ្លឹង​សក់​នោះ​ឃើញ​មាន​ទម្ងន់​ជាង​ពីរ​គីឡូ​ក្រាម តាម​របៀប​ថ្លឹង​របស់​ស្ដេច។

27 សម្ដេច​អាប់‌សាឡុម​មាន​បុត្រា​បី​អង្គ និង​បុត្រី​មួយ​អង្គ។ បុត្រី​នោះ​មាន​នាម តាម៉ារ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។