24 ស្ដេចមានរាជឱង្ការថា៖ «ចូរឲ្យគេទៅដំណាក់របស់គេចុះ កុំឲ្យគេមកជួបមុខយើងឡើយ!»។ ដូច្នេះ សម្ដេចអាប់សាឡុមក៏យាងទៅដំណាក់របស់ខ្លួនវិញ ដោយឥតបានឃើញព្រះភ័ក្ត្រស្ដេចទេ។
25 នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល គ្មាននរណាម្នាក់មានរូបសម្បត្តិល្អស្អាត គួរជាទីគយគន់ដូចសម្ដេចអាប់សាឡុមទេ តាំងពីក្បាលរហូតដល់ចុងជើង ឥតមានទាស់ត្រង់ណាឡើយ។
26 រៀងរាល់ឆ្នាំ សម្ដេចអាប់សាឡុមតែងតែកាត់សក់នៅពេលចុងឆ្នាំ ព្រោះសក់នោះធ្ងន់ពេក។ គេថ្លឹងសក់នោះឃើញមានទម្ងន់ជាងពីរគីឡូក្រាម តាមរបៀបថ្លឹងរបស់ស្ដេច។
27 សម្ដេចអាប់សាឡុមមានបុត្រាបីអង្គ និងបុត្រីមួយអង្គ។ បុត្រីនោះមាននាម តាម៉ារ ដែលមានរូបឆោមស្រស់ស្អាតណាស់។
28 សម្ដេចអាប់សាឡុមគង់នៅក្រុងយេរូសាឡឹមបានពីរឆ្នាំ ដោយឥតបានឃើញព្រះភ័ក្ត្រព្រះរាជាទេ។
29 ថ្ងៃមួយ សម្ដេចបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្ដេចចូលទៅគាល់ព្រះរាជា ប៉ុន្តែ លោកយ៉ូអាប់មិនព្រមមកទេ។ សម្ដេចអាប់សាឡុមចាត់គេឲ្យទៅជាលើកទីពីរ តែលោកយ៉ូអាប់នៅតែមិនព្រមដដែល។
30 ហេតុនេះ សម្ដេចអាប់សាឡុមបង្គាប់ពួកអ្នកបម្រើថា៖ «មើល៍! ស្រែលោកយ៉ូអាប់នៅជាប់នឹងស្រែយើង ចូរដុតចោលទៅ!»។ អ្នកបម្រើនាំគ្នាដុតស្រែរបស់លោកយ៉ូអាប់។